ខេត្តបាត់ដំបង៖ យោងតាមការអះអាងពីលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍ថា៖ ផ្ទះបុរាណមានអាយុ១០០ឆ្នាំរបស់យាយ ប៊ុន រឿងនៅខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាជាហូរហែ នឹងបានជួយបង្កើនប្រាក់ចំណូលដល់លោកយាយនិងប្រជាពលរដ្ឋនៅតំបន់នោះបានមួយកំរិតថែមទៀត។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បន្តថា ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង បានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើអំពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ ដោយផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូតបុរាណហោណាំង (រានហាល)នៅខាងមុខ។
លោកប្រធានមន្ទីរបន្តថា ផ្ទះបុរាណនេះ បង្កប់ដោយលក្ខណៈ ស្ថាបត្យកម្មខ្មែរ ដែលនៅគង់វង្ស ដូចជា ឧបករណ៍ប្រើប្រាស់សំរាប់ការងារកសិកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋាន ដែលជារចនាប័ទ្មខ្មែរបូរាណដែលធ្វើអោយភ្ញៀវមកកម្សាន្តមិនអាចបំភ្លេចបាន។ មិនតែប៉ុណ្ណោះភ្ញៀវទេសចរ ក៏អាចស្វែងយល់ពីជីវភាពប្រជាជនដែលរស់នៅតាមដងស្ទឹង ប្រកបរបរដាំបន្លែ និងនេសាទត្រី ។
លោកបន្តទៀតថា« ផ្ទះបុរាណនៅក្នុងភូមិវត្តគរមានច្រើនតែយើងយកតែ២ទេជាគោល សម្រាប់ឲ្យភ្ញៀវឬក៏និសិ្សត ដើម្បីធ្វើទស្សនាកិច្ចសិក្សាស្វែងយល់អំពីការរៀបចំផ្ទះក្នុងសម័យបុរាណ ហើយក្នុងនោះម្ចាស់ផ្ទះមានការយកចិត្តទុកដាក់ស្វាគមន៍ រៀបចំឲ្យមានអ្នកមគ្គុទេសសម្រាប់ធ្វើការអត្ថាធិប្បាយក្នុងកន្លែងនីមួយៗ។ ហើយផ្ទះបុរាណនេះមានរចនាប័ទ្មស្រស់ស្អាតគួរឲ្យទាក់ទាញ»។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ទៀតថា ផ្ទះបុរាណនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ ដែលមានសភាពនៅតែរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ មានសសរទាំង៣៦ សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ មានជណ្ដើរចំនួនពីរខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើអំពីឈើ។ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និងមាន ក្បូរក្បាច់យ៉ាងប្រណីតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាលធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញធ្វើពីឫស្សីត្បាញបូកជាមួយបាយអ ។
គួរបញ្ជាក់ថា នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្ណោះ ដែលអាចទស្សនាបាន ដោយក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរចូលទស្សនាជាង២០០ទៅ៣០០នាក់៕
ដោយ៖ស តារា