ខេត្តកណ្តាល៖ ទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោកសេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនម្ចាស់ទីតាំង និងរឹបអូសបានម៉ូតូចំនួន២៤គ្រឿង។ ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និងមានប្រពន្ធឈ្មោះ វ៉ា ថារី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោកស្នងការបានបន្តថា បន្ទាប់ពីលោកទទួលបានព័ត៌មានថា មានទីតាំងបញ្ចាំម៉ូតូមួយកន្លែងគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះលោកក៏បានដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោកសេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូខេត្តបើកប្រតិបត្តិការបង្ក្រាបផ្ទះជនសង្ស័យរួចឆែកឆេររកឃើញម៉ូតូ២៤គ្រឿងដែលពុំមានឯកសារបញ្ជាក់ត្រឹមត្រូវទេ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំង រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បើបន្តចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ស្អាង ជ័យ