ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រម្នាក់ស្លាប់២នាក់ទៀតរបួសធ្ងន់ស្រាលរវាងម៉ូតូ២គ្រឿងបុកគ្នាទាំងព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសកម្មកររោងចក្រម្នាក់ស្លាប់នឹងកន្លែង២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាទិសដៅបញ្ច្រាសគ្នាវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមានជាតិអាល់កុលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២ខែសីហាឆ្នាំ២០២០ លើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ​ ១២៤និង១២៥ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង​ ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាបុរសដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BI ០៥២៤ជនបង្កមានឈ្មោះយស់ បូវណ្ណះ  អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ចក ឃុំ កំពង់ចក ស្រុក រំដួលខណះសមត្ថកិច្ចវាស់មានជាតិអាកុល មានរហូតដល់១,៥៤ mg/L។

ចំណែកភាគីរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង​ ១L ៦៧៩៧ បើកបរដោយឈ្មោះ ភោគ ពិសិដ្ឋ  អាយុ ៣៣​ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ស្វាយតាយ៉ាន ឃុំ ស្វាយតាយ៉ាន ស្រុក កំពង់រោទិ៍​ ខេត្ត ស្វាយរៀង និងអ្នករួមដំណើរដែលស្លាប់មានឈ្មោះ ឡឹក កុសល​  អាយុ ២២ ឆ្នាំ មុខរបរ កម្មកររោងចក្ររស់នៅភូមិឃុំជាមួយគ្នា។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BI ០៥២៤ ក្នុងទិសដៅពីកើតទៅលិច លើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ​ ១២៤និង១២៥វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងសង្ស័យមានជាតិអាល់កុល ក៏បុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់ដូចរន្ទះបណ្ដាលអោយឈ្មោះឡឹក កុសលស្លាប់នឹងកន្លែងនិង២នាក់ទៀតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ចំណែកមធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចកត់កំណត់ហេតុនិងវាស់វែងអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

សពសមត្ថកិច្ចនគរបាលប្រគល់ជូនគ្រួសារដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖យឹម សុថាន


ចែករំលែក៖