អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលប្រទេសន័រវែស បានបញ្ជាក់នៅថ្ងៃទី២ខែសីហា ឆ្នាំ២០២០នេះថា យ៉ាងហោចណាស់មនុស្សចំនួន៤០នាក់ ដែលជាអ្នកដំណើរ និងបុគ្គលិកបម្រើការ នៅលើនាវាទេសចរណ៍ពីរគ្រឿងនៅន័រវែស ត្រូវបានរកឃើញថាឆ្លងជំងឺ COVID-19 ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើល អ្នកដំណើរ១៧៨នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវាមួយគ្រឿង មុនពេលករណីឆ្លងទី១ត្រូវបានរកឃើញ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២ ខែសីហាម្សិលមិញនេះថា កាលពីថ្ងៃទី៣១ ខែកក្កដា បុគ្គលិកបម្រើលើនាវាទេសចរណ៍ MS Roald Amundsen ចំនួន ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅពេលនាវាបានទៅដល់កំពង់ផែ Tromsoe ហើយក្រោយមកអ្នកទាំងបួនមានលទ្ធផលតេស្តវិជ្ជមាន COVID-19 ។ បន្ទាប់ពីលទ្ធផលតេស្តរួចមក ក៏បានបង្ហាញថា បុគ្គលិកចំនួន៣២នាក់ផ្សេងទៀតក្នុងចំណោមបុគ្គលិកបម្រើលើនាវាទេសចរណ៍សរុប១៥៨នាក់ ក៏ត្រូវបានរកឃើញថា ឆ្លងផងដែរ ។ នេះជាតួលេខឆ្លង COVID-19 លើនាវានេះមានចំនួន៣៦នាក់។
សូមជម្រាបថា ភាពធ្វេសប្រហែសខាងលើនេះ បង្កឲ្យអាជ្ញាធរន័រវែសញាប់ដៃញាប់ជើងបើកប្រតិបត្តិការតាមរកពួកគេ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលCOVID-19 ។ ខណៈដែលបុគ្គលិកត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កលើនាវាអ្នកដំណើរ១៧៨នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវា មុនពេលករណីឆ្លងទី១ ត្រូវបានរកឃើញ។
ដោយឡែកអ្នកជំនាញនៅវិទ្យាស្ថានសុខភាពសាធារណៈន័រវែស (FHI) ក៏បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ជាមួយគ្នានេះអ្នកដំណើរ៤នាក់ទៀតដែលធ្វើដំណើរលើនាវាកម្សាន្តមួយគ្រឿងទៀតដែលចេញដំណើរតាំងពីថ្ងៃទី ១៧ ខែកក្កដាមក ក៏ត្រូវបានរកឃើញថាមានផ្ទុកជំងឺCOVID-19 ។ ដោយការបូកបញ្ចូលករណីឆ្លងលើនាវាទាំងពីរ ករណីCOVID-19 មានសរុបចំនួន៤០នាក់ហើយ។
ចំណែកអគ្គនាយក FHI លោក Line Vold បានឲ្យដឹងនៅថ្ងៃទី២ ខែសីហានេះដែរថា «យើងរំពឹងថា ករណីឆ្លងច្រើនថែមទៀត នឹងត្រូវបានរកឃើញពាក់ព័ន្ធនឹងការផ្ទុះរាលដាលនេះ»។ ហើយអ្នកដំណើរទាំងអស់ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯង។
ក្រុមហ៊ុន Hurtigruten line ដែលជាម្ចាស់នាវាទេសចរណ៍ MS Roald Amundsen ក៏ដូចជានាវាទេសចរណ៍១៥គ្រឿងផ្សេងទៀត បានក្លាយជាក្រុមហ៊ុនដំបូងដែលវិលត្រលប់ទៅបើកដំណើរកម្សាន្តតាមសមុទ្រឡើងវិញកាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ក្រោយផ្អាក៣ខែដោយសារជំងឺរាតត្បាតសកល COVID-19 ។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ដើមផ្ទុះ COVID-19 កាលពីដើមឆ្នាំ២០២០អ្នកដំណើររាប់ពាន់នាក់ បានជាប់គាំងលើនាវាទេសចរណ៍ក្នុងសមុទ្រអាស៊ីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលធ្វើឲ្យប្រតិបត្តិករលុបចោលការធ្វើដំណើរតាមសមុទ្រ៕
ដោយ៖ស តារា