អន្តរជាតិ៖ ក្រសួងការពារជាតិថៃបានប្រកាសកាលពីថ្ងៃទី២ ខែសីហាថា កម្លាំងទាហានថៃបានសម្រេចផ្អាករាល់សកម្មភាពធ្វើសមយុទ្ធជាមួយទាហានអាមេរិក ក្រោយពីទាហានថៃ៩នាក់ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីចូលរួមធ្វើសមយុទ្ធនៅកោះហាវ៉ៃជាមួយទាហានអាមេរិករួចមក។
កម្លាំងទាហានថៃ១៥១នាក់ទើបតែវិលត្រឡប់មកពីកោះហាវ៉ៃអាមេរិក បន្ទាប់ពីចូលរួមធ្វើសមយុទ្ធមានឈ្មោះថា Lightning Forge 2020 ក្នុងរយៈពេល៣សប្តាហ៍ កាលពីខែកក្កដា។ ក្នុងចំណោមទាហាន១៥១នាក់ដែលវិលត្រឡប់មកវិញមាន៩នាក់ឆ្លងកូវីដ-១៩ ចំណែកទាហានផ្សេងទៀតត្រូវបានកាត់ផ្តាច់ដើម្បីតាមដាន។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកKongcheep Tantawanich បានឲ្យដឹងថា«កម្លាំងទាហានប្រទេសនេះសម្រេចផ្អាករាល់សកម្មភាពបញ្ជូនទាហានទៅក្រៅប្រទេស រហូតដល់ស្ថានភាពនៃការឆ្លងកូវីដ-១៩គ្រប់គ្រងបានទាំងស្រុង។ជាមួយគ្នានេះដែរថៃក៏បានសម្រេចផ្អាកធ្វើសមយុទ្ធក៏ដូចរាល់ការហ្វឹកហាត់ជាមួយទាហានអាមេរិក។
លោក Nattapon Srisawat ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩នៅក្នុងប្រទេសថៃបានឲ្យដឹងថា កម្លាំងទាហានត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវធ្វើដំណើរចេញចូលក្រៅប្រទេសឡើយ។
មកទល់ពេលនេះថៃមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅ ៣.៣១៧នាក់ក្នុងនោះមាន៥៨នាក់ស្លាប់។ ភាគច្រើនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ គឺវិលត្រឡប់មកពីក្រៅប្រទេស។ កន្លងមកថៃ បានទប់ស្កាត់ការឆ្លងបានយ៉ាងល្អបំផុត ដោយមិនមានអ្នកឆ្លងក្នុងសហគមន៍រយៈពេល ៦៩ថ្ងៃ៕ដោយ៖ធី រីណា