អន្តរជាតិ៖ ករណីឆ្លង COVID-19 នៅប្រទេសវៀតណាម នៅតែបន្តកើនឡើង ហើយករណីឆ្លងភាគច្រើន គឺមានពាក់ព័ន្ធនឹងករណីឆ្លងក្នុងទីក្រុងដាណាង ខណៈករណីតិចតួចប៉ុណ្ណោះ គឺជាករណីឆ្លងមកពីបរទេស។ជាក់ស្តែងនៅល្ងាចថ្ងៃទី២ ខែសីហាម្សិលមិញនេះក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ៣០ករណី និងស្លាប់ ១នាក់។ ដោយឡែកនៅព្រឹកថ្ងៃទី៣ខែសីហា វៀតណាមមានករណីឆ្លងថ្មីត្រឹមតែ ១ករណីប៉ុណ្ណោះ ។ ក្នុងចំណោមករណីទាំង៣០នេះ មានករណីឆ្លងមកពីបរទេសតែមួយករណីប៉ុណ្ណោះ ក្រៅពីនោះគឺជាករណីឆ្លង មានពាក់ព័ន្ធនឹងការឆ្លងក្រុងដាណាង។
ពាក់ព័ន្ធនឹងករណីឆ្លងនេះ អាជ្ញាធរក្រុងដាណាង បានចេញសេចក្តីថ្លែងការណ៍មួយថា៖ អាជ្ញាធរ ពិបាករកប្រភពដើមនៃការផ្ទុះ COVID-19ណាស់ ព្រោះមានប្រភពឆ្លង និងករណីឆ្លងជាច្រើននៅក្នុងទីក្រុង។សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា អាជ្ញាធរបានចាត់វិធានការមិនធ្លាប់មានជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស ក្នុងនោះមានដូចជាការកេណ្ឌសិស្សយោធាជាច្រើននាក់ ដើម្បីស្វែងរកប្រភពCOVID-19 និងប្រមូលសំណាក ដើម្បីធ្វើតេស្តជាដើម។
ដោយឡែកនៅព្រឹកថ្ងៃទី៣ ខែសីហា វៀតណាម បានរាយការណ៍ថា មានករណីឆ្លងតែ ១ករណីប៉ុណ្ណោះ គឺជាស្ត្រីវ័យ៦០ឆ្នាំ ដែលករណីនេះមានពាក់ព័ន្ធនឹងមន្ទីរពេទ្យក្រុងដាណាងដដែល។ តួលេខសរុប វៀតណាមមានករណី COVID-19 សរុបចំនួន ៦២១ករណី និងអ្នកស្លាប់ចំនួន ៦នាក់។ចំណែកអ្នកជាសះស្បើយមានចំនួន ៣៧៣នាក់។
គួរបញ្ជាក់ថា អ្នកស្លាប់នៅវៀតណាម ក៏កើនឡើងម្នាក់ដែលធ្វើឲ្យចំនួនសរុបមាន៦នាក់។ អ្នកស្លាប់ចុងក្រោយ គឺជាស្ត្រី ៥៣ឆ្នាំ ដែលមានជំងឺបេះដូងទឹកនោមផ្អែម និងឈឺសន្លាក់ក្នុងខ្លួនស្រាប់ផង។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម ប្រជាជនរហូតដល់៨០ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តនៅទីក្រុងដាណាង ចាប់តាំងពីថ្ងៃទី១ខែកក្កដា កន្លងមក ហើយក្នុងនោះមនុស្សប្រមាណ ៤១០០០នាក់ បានទៅមន្ទីរពេទ្យក្រុងដាណាងទាំង៣ ដែលជាកន្លែងមានករណីឆ្លងCOVID-19 ដំបូង៕ ស តារា