ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញមានសកម្មភាពជួបជុំ ប្រមូលផ្ដុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួន នៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមិន បានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ចឡើយ។
សកម្មភាពជួបជុំប្រមូលផ្ដុំគ្នាតវ៉ាខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់ សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ត្រង់មាត្រា៥ ដែលបានចែងថា ក្រុមបុគ្គលណាដែលមានបំណងធ្វើបាតុកម្មដោយសន្តិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬ ខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ ។ ទន្ទឹមនឹងនេះ សកម្មភាពជួបជុំប្រមូលផ្ដុំ គ្នាក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ បានអនុវត្តផ្ទុយអំពីវិធានការនានារបស់អង្គការសុខភាពពិភពលោក (WHO), គោលការណ៍សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងការងារតាមដានការអនុវត្តវិធានការការពាររលកទីពីរនៃការចម្លងមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចតទៅ៖ រាល់ការជួបជុំប្រមូលផ្ដុំតវ៉ាទាំងអស់ ត្រូវជូនដំណឹងជាលាយ លក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងស្របតាមវិធានការណែនាំនានាស្តីពីការ បង្ការទប់ស្កាត់ការរីករាលដាលការចម្លងវីរុស កូវីដ-១៩ ។ រាល់សកម្មភាពជួបជុំប្រមូលផ្ដុំដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកថាជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ៕
ដោយ៖ សំរិត