ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុនប្រ៊ីលលាន រីច(ខេមបូឌា)អិលធីឌីបើកបត់ខ្វះការប្រុងប្រយ័ត្នបុកជាមួយនឹងម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈ អ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ប្រ៊ីលលាន រីច(ខេមបូឌា)អិលធីឌី បត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកHOHDA FTR

ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CN-2660បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ជាអ្នករួមដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុនៅខាងមុខច្រកចូលទៅក្នុង

ក្រុមហ៊ុនប្រ៊ីលលាន រីច(ខេមបូឌា)អិលធីឌី ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនខាងលើពណ៌សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ5A-1582មួយគ្រឿងបើកបរដោយបុរសម្នាក់មកពីខាងក្រោយរួចបត់ស្ដាំដៃដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់ដួលចូលទៅខាងក្រោមរថយន្តកិនរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម្ចាស់រថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ចន្ទ លីហ្សា


ចែករំលែក៖