ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងផលិតគ្រឿងញៀន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដកហូតគ្រឿងញៀនជិត២០០គីឡូក្រាម និងសារធាតុគីមីសរុបជាង៣០០០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានកណ្តាលសន្តិសុខ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយ នៃប្រទេសចិន តាមរយៈអង្គការUNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ

ជាក់ស្តែងកាលពីខែកក្កដា ឆ្នាំ២០២០ថ្មីៗកន្លងទៅនេះ នាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដោយឃាត់ជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀនចំនួន ១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។

ក្រោយនាំខ្លួនជនសង្ស័យមកសាកសួររួច នាយកដ្ឋានកណ្តាលសន្តិសុខបានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន បន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀននិងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន .៤៥គីឡូក្រាមនិងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ២០.១៦គីឡូក្រាមព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួនក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ។

សមត្ថកិច្ចជំនាញបន្តថា ដោយមានការឯកភាពពីលោក ព្រះរាជអាជ្ញារងសាយ ណូរ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានបន្តចុះឆែកឆេរទីតាំងលាក់ទុកនូវសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងខណ្ឌកំបូលកាលពីពេលថ្មីៗនេះ ជាក់ស្តែងដកហូតបាននូវសារធាតុគីមី ចំនួន១១មុខ សរុបមានទម្ងន់៣១៤៦.១៩គីឡូក្រាម និងបន្តចុះឆែកឆេរទីតាំងរក្សាទុកម៉ាស៊ីនសម្រាប់ផលិតគ្រាប់ថ្នាំញៀនមួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីនអុកគ្រាប់ថ្នាំញៀនចំនួន ០២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន១៤សម្រាប់

តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖ស តារា


ចែករំលែក៖