ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងអ្នកភូមិឆ្លើយមិនដឹងប្រពន្ធឯងទៅណាទេ​?​ស្ទុះទាញកាំបិតកកុកកាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីឃាតកម្មបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងល្ងាចបណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបុរសជាជនសង្ស័យដើររកប្រពន្ធមិនឃើញសួរជនរងគ្រោះឆ្លើយមិនដឹងកាន់កាំបិតកកុកកាប់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ខែសីហាឆ្នាំ២០២០ស្ថិតភូមិត្រពាំងផ្លុង ឃុំដូងស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះសេង ទិត្យ អាយុ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំខាងលើ ។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះហ៊ីង យ៉ឹម អាយុ ៧៥ ឆ្នាំ មុខរបរកសិករនិងចៅស្រីរបួសធ្ងន់មានឈ្មោះប៉ែន រុី អាយុ១៣ឆ្នាំរស់ក្នុងភូមិឃុំក្បែរផ្ទះជនសង្ស័យខាងលើ។

សមត្ថកិច្ចបានបន្តថាមុនកើតហេតុជនសង្ស័យបានដើររកប្រពន្ធរបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះហើយក៏បានសួរនាំខណះនោះស្ត្រីខាងលើបានឆ្លើយថាអញមិនឃើញទេទើបជនសង្ស័យខឹងខ្លាំងក៏ស្ទុះទាញបានកាំបិតកកុកដេញកាប់ត្រូវចំកពីក្រោយ បណ្ដាលឱ្យស្លាប់នៅពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំដូងចំណែកក្មេងស្រីរងគ្រោះត្រូវចំថ្ពាល់ខាងឆ្វេង និងចង្អុលដៃឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ក្រោយកើតហេតុភ្លាមជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលដូងដើម្បីចាត់ការបន្តតាមច្បាប់៕​

ដោយ៖យឹម សុថាន


ចែករំលែក៖