អន្តរជាតិ៖ បើយោងតាមរបាយការណ៍អង្គការបង្ការការសម្លាប់ខ្លួនSamaritan of Singapore (SOS) បានអះអាងនៅថ្ងៃទី៣ ខែសីហាម្សិលមិញនេះថា ក្នុងឆ្នាំ២០១៩ យុវជនសិង្ហបុរីអាយុពី២០ ទៅ២៩ឆ្នាំ ចំនួន៧១នាក់ បានធ្វើអត្តឃាត ។ រហូតមកដល់បច្ចុប្បន្ននេះ យុវជនសិង្ហបុរី ដែលមានអាយុចន្លោះ២០ឆ្នាំ នៅតែបន្តជាក្រុមអាយុដែលបានសម្លាប់ខ្លួនច្រើនជាងគេបំផុត ធៀបទៅនឹងក្រុមអាយុដទៃទៀត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ SOS ដែលចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia បានបញ្ជាក់ថា «ការធ្វើអត្តឃាតតំណាងឲ្យ១ភាគ៣ នៃចំនួនអ្នកស្លាប់ទាំងអស់របស់ក្រុមអាយុចន្លោះ២០ឆ្នាំខាងលើ»។ អង្គការSOS បន្ថែមថា កាលពីឆ្នាំ២០១៩ ការសម្លាប់ខ្លួនឯង ក៏នៅតែជាកត្តាចម្បងនៃការស្លាប់របស់មនុស្សអាយុពី១០ ទៅ២៩ឆ្នាំផងដែរ។
អង្គការSOS បានបន្ថែមទៀតថា ក្នុងចំណោមអ្នកដែលប្រាប់ពីអាយុនៅពេលស្វះស្វែងរកជំនួយបន្ទាន់២៤ម៉ោង ដើម្បីបង្ការការសម្លាប់ខ្លួននៅឆ្នាំ២០១៩ មានចំនួន១៧ភាគរយដែលស្ថិតនៅចន្លោះ២០ ទៅ២៩ឆ្នាំ។ បន្ថែមពីនេះទៅទៀត ក្រុមអាយុចន្លោះ២០ឆ្នាំ ដែលទូរស័ព្ទស្វែងរកជំនួយមានចំនួនកើនឡើងពី៣,៣៩៦ ករណីនៅឆ្នាំ២០១៨ មក៤,១២៤ករណីនៅឆ្នាំ២០១៩។
សូមជម្រាបថា ការសម្លាប់ខ្លួននៅប្រទេសសិង្ហបុរីទាំងមូលនៅឆ្នាំ២០១៩មានចំនួន៤០០ករណី កើនឡើងបន្តិចធៀបទៅនឹងតួលេខ៣៩៧ករណីក្នុងឆ្នាំ២០១៨។ ប៉ុន្តែបើធៀបទៅនឹងប្រជាជនសិង្ហបុរីទាំងមូល ការសម្លាប់ខ្លួនមានការធ្លាក់ចុះពី៨,៣៦ភាគរយក្នុងចំណោម១សែននាក់នៅឆ្នាំ២០១៨មកត្រឹម៨ភាគរយក្នុងចំណោម១សែននាក់ក្នុងឆ្នាំ២០១៩។ ចំពោះបញ្ហាមួយចំនួនដូចជាទំនាក់ទំនងស្នេហា ឧបសគ្គក្នុងការដោះស្រាយបញ្ហាផ្លូវចិត្តនិងការតស៊ូជម្នះក្នុងស្ថានការលំបាកត្រូវបានកត់សម្គាល់ថា ជាកត្តាគួបផ្សំដែលជំរុញឲ្យយុវជនមានសម្ពាធតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ។ នេះបើតាមរបាយការណ៍ដដែល។
លោក Gasper Tan ប្រធានប្រតិបត្តិ SOS បានលើកឡើងពីសេចក្តីបារម្ភពាក់ព័ន្ធការកើនឡើងករណីសម្លាប់ខ្លួនរបស់ក្រុមយុវជនអាយុចន្លោះ២០ឆ្នាំបើទោះបីជាមានការកើនឡើងដូចគ្នាការស្វែងរកជំនួយតាមទូរស័ព្ទបន្ទាន់ក្តី។លោកបានលើកឡើង មានរឿងជាច្រើនទៀតដែលត្រូវធ្វើក្នុងសហគមន៍ដើម្បីយល់ដឹង និងដោះស្រាយបញ្ហាដែលរារាំងមិនឲ្យយុវជនស្វែងរកជំនួយ។
គួរបញ្ជាក់ថា ការស្ទង់មតិរបស់ SOS បានបង្ហាញថាយុវជនមួយនាក់ក្នុងចំណោម៣នាក់នឹងមិនស្វែងរកជំនួយឡើយនៅពេលគេមានអារម្មណ៍ជ្រួលច្របល់។ មូលហេតុក្នុងការមិនស្វែងរកជំនួយដែលត្រូវបានលើកឡើងដោយរបាយការណ៍ SOS មានដូចជា ការខ្មាស់អៀនការត្រូវបានអ្នកដទៃវាយតម្លៃ និងការគិតថាគ្មានអ្វីដែលអាចជួយបាន៕ដោយ៖ស តារា