ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី​ថៃ បញ្ជាឲ្យបង្កើត​គណៈកម្មាធិការ​ស៊ើប​ករណី​ស្លាប់​សាក្សី​សំខាន់​ ក្នុង​សំណុំរឿង​ចៅប្រុស​ថៅកែ Red Bull

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីពលរដ្ឋថៃរិះគន់និងមិនអស់ចិត្តពាក់ព័ន្ធនឹងសំណុំរឿងសាក្សីសំខាន់ថ្មីម្នាក់ក្នុងសំណុំរឿងប្រឆាំងចៅប្រុសថៅកែ Red Bull បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ស្រាប់តែនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានបញ្ជាឲ្យអាជ្ញាធររក្សាទុកសាកសសាក្សីសំខាន់ថ្មីនោះ ដើម្បីវះកាត់ពិនិត្យស្វែងរកមូលហេតុពិតនៃការស្លាប់

បើតាមការអះអាងរបស់ប៉ូលីសថៃបាននិយាយថា សាក្សីឈ្មោះ Jaruchart Mardthong អាយុ ៤០ឆ្នាំ បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបើកម៉ូតូកាលពីថ្ងៃទី ៣០ ខែកក្កដាកន្លងទៅថ្មីៗនេះ បន្ទាប់ពីបុកជាមួយអ្នកបើកបរម៉ូតូម្នាក់ទៀត បណ្ដាលឲ្យរងរបួសធ្ងន់ហើយសម្រាកនៅមន្ទីរពេទ្យ រហូតដល់វេលាម៉ោងរំលងអធ្រាត្រ រូបគេបានស្លាប់បាត់ទៅប៉ុន្តែទោះជាយ៉ាងណា សាធារណជនថៃនៅតែមន្ទិលសង្ស័យពាក់ព័ន្ធមូលហេតុពិតនៃការស្លាប់លោក

ដោយឡែកអ្នកស្រី Traisuree Taisaranakul អ្នកនាំពាក្យរដ្ឋាភិបាលថៃបានលើកឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា ការសម្រេចចិត្តរបស់លោកប្រាយុទ្ធ ចន្ទអូចា ក្នុងការរក្សាទុកសាកសពលោក Jaruchart គឺដើម្បីអនុញ្ញាតឲ្យមន្ត្រីធ្វើកោសល្យវិច្ច័ ខណៈសាធារណជនថៃនៅមិនអស់ចិត្តរឿងពេលវេលានៃការស្លាប់របស់លោក

នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកស្រី Traisulee បានបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចង់ធានាឲ្យបានយុត្តិធម៌ និងជម្រះមន្ទិលសង្ស័យសាធារណៈជុំវិញសំណុំរឿងនេះ អ្នកស្រីនិយាយដូច្នេះថា«​នាយករដ្ឋមន្ត្រី រំជាថ្មីថា រដ្ឋាភិបាលនឹងជួយរកយុត្តិធម៌ក្នុងសំណុំរឿងនេះ ហើយជនល្មើស នឹងត្រូវដាក់ទោស​»​

បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ ក៏បានដកស្រង់សម្តីលោកKissana Phathanacharoen អ្នកនាំពាក្យស្នងការប៉ូលីសជាតិដោយអះអាងថា ការស្លាប់របស់សាក្សី Jaruchart គឺខុសពីធម្មតា ទើបវាកើតមានការសង្ស័យបែបនេះ បន្ថែមពីនេះលោកបន្តថា បច្ចុប្បន្នប៉ូលីសកំពុងស៊ើបអង្កេតលើទិដ្ឋភាព រួមមាន គ្រោះថ្នាក់ចរាចរណ៍ និងមួយទៀតគឺពាក់ព័ន្ធនឹងការវះកាត់សកសពធ្វើកោសល្យវិច្ច័ ហើយប៉ូលីសកំពុងរង់ចាំលទ្ធផល

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Jaruchart បានក្លាយជាឈ្មោះជាសាក្សីដ៏សំខាន់ម្នាក់ ដែលបានផ្ដល់ចម្លើយបំភ្លឺថា លោកVorayuth Yoovidhya ចៅប្រុសថៅកែភេសជ្ជៈគោជល់ ពុំបានបើកលើសល្បឿនកំណត់ឡើយ (៨០គីឡូម៉ែត្រក្នុងមួយម៉ោង​) នៅពេលលោកបុកប៉ូលិសម្នាក់លើផ្លូវក្នុងទីក្រុងបាងកកក្នុងឆ្នាំ២០១២ លោក Jaruchart និងសាក្សីម្នាក់ទៀត ដែលជាមន្ត្រីថៃចូលនិវត្តន៍ អះអាងថារថយន្ត Ferrari របស់លោក Vorayuth បើកក្នុងល្បឿនចន្លោះពី៥០៦០គីឡូម៉ែត្រប៉ុណ្ណោះពេលមានគ្រោះថ្នាក់ហើយសាក្សីទាំងពីរនាក់នេះ ក៏បានឆ្លើយបំភ្លឺទៀតថា ប៉ូលីសដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានជិះប្ដូរគន្លងផ្លូវភ្លាមមួយរំពេច កាត់ចំកណ្ដាលមុខរថយន្តលោក Vorayuth ដែលកំពុងបើកបរលើគន្លងត្រឹមត្រូវ ជាហេតុធ្វើឲ្យរថយន្តលោកបុកម៉ូតូប៉ូលិសបែបនេះរថយន្តស៊េរីទំនើបនោះបានអូសសពជាច្រើនម៉ែត្រ មុនពេលបើករត់គេចពីកន្លែងកើតហេតុ

ដោយផ្អែកតាមហេតុផលខាងលើ រាជអាជ្ញាថៃ ក៏សម្រេចទម្លាក់បទចោលប្រឆាំង Vorayuth ដែលធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាជនថៃទូទៅ ដោយចាត់ទុករឿងនេះជាឧទាហរណ៍មួយនៃវប្បធម៌អភ័យឯកសិទ្ធិរបស់ពួកអ្នកមាន

ជុំវិញករណីខាងលើនេះដែរលោក Vorayuth ចៅប្រុសថៅកែភេសជ្ជៈគោជល់ផ្ទាល់ ក៏ពុំបានមានវត្តមានតាមការកោះហៅរបស់តុលាការចំនួនដងហើយ ចាប់តាំងពីរងការចោទប្រកាន់មក ដូច្នេះទើបអាជ្ញាធរបានចេញដីការចាប់ខ្លួនលោក ឆ្នាំក្រោយកើតឧបទ្ទវហេតុនេះហើយក្រោយមកលោក Vorayuth បានរត់ចេញពីប្រទេសថៃបាត់ រហូតបច្ចុប្បន្ន គ្មាននរណាដឹងថាលោកគេចខ្លួនទៅណានោះទេ ដោយ៖ស តារា


ចែករំលែក៖