ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ហាន់សុីង(HanShin) ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ ជិត៣ឆ្នាំ ដំណើរដូចអណ្តើកវារ

ចែករំលែក៖

ភ្នំពេញ៖ គេនៅចាំបានថា ក្រុមហ៊ុន ហាន់សុីង(HanShin) ដេញថ្លៃលើគម្រោងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អមខេត្តពោធិ៍សាត់ លើទឹកប្រាក់ជាង៨០លានដុល្លារអាមេរិក ។ មកទល់ពេលនេះ ៣ឆ្នាំទៅហើយ ការដំណើរការសាងសង់ស្ថាបនា ហាក់មិនទៅមុខ ទុកអោយនៅមេម៉ាយ បង្កផលលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ ខណៈក្រុមហ៊ុនបានប្រើគ្រឿងចក្រកាយដី រួចទុកចោលរាប់ខែ បណ្តាលអោយបង្កជារណ្តៅជ្រៅៗ ពំនូក ធ្វើអោយប្រជាពលរដ្ឋជួបបញ្ហាខ្លាំងក្នុងការបើកម៉ូតូ កង់ ឡាន បរទេះគោ-ក្របី ចូលផ្ទះ។
អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ រអ៊ូរទាំ ពីការស្ថាបនានេះ ធ្វើអូសបន្លាយពេល សំបូរដោយគំហុក ហុយ បើកកាត់ម្តងៗស្ទើរគ្រុន បើស្ត្រីមានផ្ទៃពោះវិញ ត្រូវប្រុងប្រយ័ត្នពីសុខភាព ខណៈមានកន្លែងរលាក់ច្រើន ខុសពីការស្ថាបនាពីក្រុមហ៊ុនផ្សេងៗ។
កម្មករ ក៏ដូចជាក្រុមការងារបានបង្ហើបថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ខ្វះលក្ខណះសម្បត្តិគ្រប់គ្រាន់ សំខាន់គ្រឿងចក្រ សំភារៈ ជាមធ្យោបាយដំណើរការឱ្យការស្ថាបនាផ្លូវ ដែលខ្លួនដេញថ្លៃបាន ។ ជាទម្លាប់ក្រុមហ៊ុននេះ បាន(សាប់បន្ត) ម៉ៅការបន្តឱ្យក្រុមហ៊ុនតូចៗជាច្រើន ហើយក្រុមហ៊ុនខ្លះធ្វើមិនទៅមុខ ខ្លះទៀតរត់ចោល ខណៈម៉ៅការមិនចំណេញ បង្កើតជាការរាំងស្ទះការងារជាហូរហែ។
កម្មករនិយាយថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ នេះមានក្រុមហ៊ុនប្លែកៗមកម៉ៅការ តែមិនចាំថាក្រុមហ៊ុនណាធ្វើពិតប្រាកដ ចេញមួយចូលមួយ និងគ្រឿងចក្រ រថយន្ត ជាដើម ដាក់ឱ្យដំណើរជាចន្លោះៗ គ្រាន់តែឱ្យល្អមើល ថាក្រុមហ៊ុនធ្វើការស្ថាបនាជាប់ជាប្រចាំតែប៉ុណ្ណោះ។
សូមរំលឹកថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ ២១ ពីតាខ្មៅទៅ ស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ប៉ុន្តែក្រុមហ៊ុន ហាន់សុីង(HanShin) នៅតែមានលក្ខណះពិសេស ដេញថ្លៃបានគ្រោងស្ថាបនានូវផ្លូវជាតិឡើងវិញជាបន្តបន្ទាប់ទៅវិញ..!
ពាក់ព័ន្ធករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនបកស្រាយប្រាប់អង្គភាព «នគរដ្រេហ្គន» ឱ្យលម្អិតទេ តាមទូរស័ព្ទនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយលោកបញ្ជាក់ថា មានធុរៈកំពុងធ្វើដំណើរតាមផ្លូវ សេវាទូរស័ព្ទមានភាពរអាក់រអួលស្តាប់មិនសូវច្បាប់។ ប៉ុន្តែលោកប្រាប់ថា និងបកស្រាយជូននៅពេលក្រោយ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖