ព័ត៌មានទាន់ហេតុការណ៍៖

អជ្ញាធរខណ្ឌដូនពេញ ចុះផ្អាកទីតាំងសំណង់ដែលគ្មានលិខិតអនុញ្ញាត នៅលើអគារអតីតសាលាបក្សកងទ័ព

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីលោក​ ម៉ុក​ ច័ន្ទ​ករុណា​ អភិបាលរង​ខណ្ឌដូនពេញបានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ក្នុងមូលដ្ឋានខណ្ឌ ជាក់ស្តែងទីតាំបសំណង់មួយកន្លែងដែលគ្មានលិខិតអនុញ្ញាត ស្ថិតនៅលើអគារអតីតសាលាបក្សកងទ័ព ក្បាលដីលេខ១៩៨ ច្រកផ្លូវលេខ៦៣ ភូមិ១២​ សង្កាត់​ផ្សារថ្មីទី៣​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​ ត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន ។

លោក​ ម៉ុក​ ច័ន្ទ​ករុណា​ អភិបាលរង​ខណ្ឌ បានបញ្ជាក់ថា ដោយយោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញ ចំនួន០៣លើក និងប្រសាសន៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ទើបលោក​ ដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌចុះពិនិត្យជាក់ស្តែងតែម្តង​ ។ បន្ទាប់ពីចុះដល់ទីតាំង ពិនិត្យឃេីញថា មានការសាងសង់ហ្វ៊ែមដែកនៅលើអគារអតីតសាលាបក្សកងទ័ពដែលចាស់ទ្រុឌទ្រោមបណ្តាលមកពីគ្រោះអគ្គីភ័យ កើតឡើងកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០កន្លងទៅដែលអគារនេះមិនអាចប្រើប្រាស់បានទៀតទេ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ។

ក្រោយប្រតិបត្តិការរួច ក្រុមការងារបានណែនាំដល់ម្ចាស់ផ្ទះដូចខាងក្រោម៖

១ – ត្រូវផ្អាកការសាងសង់ជាបណ្តោះអាសន្ន ។

២ – ត្រូវបំពេញបែបបទសុំច្បាប់អនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ ។

៣ – ដើម្បីបង្ការហានិភ័យកើតឡើងដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតលោក លោកស្រី ដែលស្ថិតនៅក្នុងអគារសំណង់មន្ទីរបក្សកងទ័ព ត្រូវពិចារណាអំពីការចាកចេញពីអគារឆេះទៅរកទីតាំងស្នាក់នៅជាបណ្តោះអាសន្ន ។ ក្នុងករណីមានឧបទេវហេតុណាមួយកើតឡើងជាយថាហេតុពីអគារដែលចាស់ទ្រុឌទ្រោមនេះ សាមុីខ្លួនត្រូវទទួលខុសត្រូវដោយខ្លួនឯង ។ បន្ទាប់ពីបានអានកំណត់ហេតុជូនម្ចាស់ផ្ទះស្តាប់ចប់សព្វគ្រប់ ហើយម្ចាស់ផ្ទះបានឯកភាពតាមការណែនាំរបស់ក្រុមការងារទាំងស្រុង ។ ដោយកំណត់ហេតុបានបញ្ចប់នៅវេលាម៉ោង១០និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕ដោយ៖ស តារា


ចែករំលែក៖