អន្តរជាតិ៖ បើយោងតាមការវិភាគមួយរបស់អង្គការសុខភាពពិភពលោក(WHO) បានអះអាងថា ក្នុងរយៈពេល ៥ខែប៉ុណ្ណោះ ករណីផ្ទុកCOVID-19 បានកើនឡើងបីដងទៅលើក្រុមយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់២៤ឆ្នាំ ដោយសារតែពួកគេមានការទ្វេប្រហែសនិងការមិនប្រុងប្រយ័ត្នរបស់យុវជនផ្ទាល់តែម្តង ។
បើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែសីហាម្សិលមិញនេះថា អង្គការWHO បានវិភាគទៅលើអ្នកផ្ទុក COVID-19 ចំនួន៦លាននាក់ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃ១២ ខែកក្កដា ករណីឆ្លងCOVID-19 លើយុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់២៤ឆ្នាំ គឺបានកើនឡើងពី៤,៥ភាគរយទៅ១៥ភាគរយ។ ជាក់ស្តែងដូចជា៖ អេស្ប៉ាញអាល្លឺម៉ង់ បារាំង ជប៉ុន និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ក៏បានអះអាងថា អ្នកឆ្លង COVID-19 ថ្មីជាច្រើន គឺជាយុវជន។
អង្គការសុខភាពពិភពលោក ក៏បានបន្ថែមថា ក្រៅពីយុវជន ក៏មានកុមារដែលផ្ទុក COVID-19 ដែលចាប់ពីអាយុចន្លោះ៥ឆ្នាំ ដល់១៤ឆ្នាំ បានកើនឡើងពី០,៨ភាគរយមក៤,៦ភាគរយ បើគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃ១២ខែកក្កដា។
ដោយឡែកលោកស្រី Neysa Ernst អ្នកគ្រប់គ្រងគិលានុបដ្ឋាកនៅមន្ទីរពេទ្យJohns Hopkins បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាពាក់ព័ន្ធនឹងករណីឆ្លងលើយុវជននេះ ដោយសារតែយុវជនមួយចំនួន ខ្វះការប្រុងប្រយ័ត្នលើការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយការធ្វើដំណើរគឺបង្កើនឱកាសរបស់អ្នកក្នុងការឆ្លង និងចម្លង COVID-19នេះ ។ លោកស្រីNeysa បន្ថែមថា ការកើនឡើងនៃការឆ្លងរបស់យុវជននេះដែថ គឺដោយសារពួកគេទំនងទៅធ្វើការក្នុងសហគមន៍ច្រើន ឬពេលទៅឆ្នេរសមុទ្រ តៀមស្រានិងហាងទំនិញជាដើម ។
សូមជម្រាបថា លោកTedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក កន្លងមកក៏ធ្លាប់បានព្រមានម្តងហើយថាក្រុមយុវជន អាចឆ្លង COVID-19 អាចស្លាប់ និងចម្លងវីរុសទៅអ្នកដទៃ។
គួរបញ្ជាក់ថា បើគិតមកត្រឹមរសៀលថ្ងៃទី៥ ខែសីហា ម្សិលមិញនេះជំងឺឆ្លងCOVID-19 របស់ពិភពលោក បានកើនដល់ ១៨,៧លានករណីនិងអ្នកស្លាប់ជាង ៧០ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជិត ១២លាននាក់៕ដោយ៖ស តារា