ព័ត៌មានទាន់ហេតុការណ៍៖

ខួប៧៥ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូដំបូងបង្អស់លើពិភពលោកនៅហុីរ៉ូស៊ីម៉ា

ចែករំលែក៖

ជប៉ុន៖ នាវេលាម៉ោង​៨និង​១៥នាទីព្រឹក ថ្ងៃទី​៦ ខែសីហា ដែលជាពេលវេលាអាមេរិក​ទម្លាក់គ្រាប់បែកបរមាណូដំបូងគេទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន​។​​ នៅព្រឹកថ្ងៃទី​៦ខែសីហានេះជប៉ុនបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ​ ៧៥ឆ្នាំ ​ដល់ពលរដ្ឋប្រមាណ១៤០.០០០នាក់​ ដែលបានស្លាប់ដោយសារគ្រាប់បែកបរមាណូរបស់អាមេរិក​​ ។
តាមគម្រោង អ្នកដែលនៅរស់ក្រោយទម្លាក់គ្រាប់បែកបរមាណូ​ និងសាច់ញាតិ រួមទាំងមន្ត្រីរដ្ឋាភិបាលបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ​ ហើយអំពាវនាវដល់ពិភពលោកទាំងមូលឱ្យមានសន្តិភាព។ ពិធីនេះបានកាត់បន្ថយចំនួនអ្នកចូលរួមដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ប៉ុន្តែបានផ្សាយផ្ទាល់លើបណ្តាញទូរទស្សន៍។
សារព័ត៌មានAFPបានដកស្រង់សម្តីអភិបាលក្រុង ហុីរ៉ូស៊ីម៉ា លោក Kazumi Matsui ដែលបានបញ្ជាក់ថា ពិធីគោរពវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំ គឺដើម្បីអំពាវនាវឲ្យពិភពលោកមានសន្តិភាពបញ្ចប់សង្គ្រាម។
អ្នកចូលរួម​បានគោរពវិញ្ញាណក្ខន្ធ នៅវេលាម៉ោង​៨ និង​១៥នាទី​ជាពេលដែលគ្រាប់បែកបរមាណូដំបូង ឈ្មោះ “Little boy” ទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា​។ អភិបាលក្រុង បានបញ្ជាក់ផងដែរថា​ ក្រុងនេះមានការរីកចម្រើនឡើងវិញដោយសារតែស្មារតីសាមគ្គីភាពរបស់ពលរដ្ឋ​។
សារព័ត៌មាន Japan Times បានផ្សាយថា នៅក្នុងសុន្ទរកថារបស់នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ គឺប្រទេសនិីមួយៗចាំបាច់ត្រូវតែលុបចោលទស្សនៈខ្វះភាពជឿជាក់ ហើយត្រូវតែមានទំនុកចិត្តគ្នាតាមរយៈកិច្ចពិភាក្សា​៕ដោយ៖ធី រីណា


ចែករំលែក៖