ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព ដោយមានការការចូលរួមពីសមាជិកក្រុមការងារ និងដៃគូអភិវឌ្ឍន៍សរុបចំនួន៤៥នាក់ ក្នុងនោះស្រ្តីចំនួន១០រូប។ កិច្ចប្រជុំនេះមានគោលបំណង ១-ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព ២-ផ្ដល់ជាវេទិកាជជែកពិភាក្សា និងការទទួលយកធាតុចូលលើគោលការណ៍ណែនាំស្ដីពី ការិយាល័យបៃតង និងព្រឹត្តការណ៍បៃតង ៣-ចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការងារគាំពារបរិស្ថានទីក្រុង(ការគ្រប់គ្រងគុណភាពខ្យល់ រៀបចំលំនៅឋានដែលមានភាពធន់នឹងអាកាសធាតុ និងតម្លៃសមរម្យ និងការផ្តួចផ្តើមយុទ្ធសាស្រ្ត និងសកម្មភាពសេដ្ឋកិច្ចចក្រា)។ ឯកឧត្តម វ៉ាន់ មុនីនាថ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានវត្តមាន រួមមានតំណាងក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ពាក់ព័ន្ធនិង ដៃគូរអភិវឌ្ឍន៍ ក្នុងការរួមចំណែកអភិវឌ្ឍទីក្រុងនិរន្តរភាពនៅកម្ពុជា។ ឯកឧត្តម សំណូមពរអោយក្រុមការងារសូមរួមគ្នាលើកជាមតិ យោបល់ និងពិភាក្សាអោយបានផុលផុសដើម្បីអោយ សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរៀបចំការិយាល័យ និងព្រឹត្តិការណ៍បៃតង ក្របខ័ណ្ឌរៀបចំផែនការប្រចាំប្រទេសរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតង (GGGI) ឆ្នាំ២០២១-២០២៥ និងផែនការបន្តរបស់ក្រុមការងារយើងកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។គួរបញ្ជាក់ថា បន្ទាប់ពីកម្មវិធីបើកកិច្ចប្រជុំ ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំនេះ ដើម្បីប្រមូលយកយោបល់ និងមតិកែលំអលើគោលការណ៍ណែនាំការិយាល័យបៃតង និងព្រឹត្តិការណ៍បៃតង និងសម្របសម្រួលបទបង្ហាញសំខាន់ស្តីពី៖
-វឌ្ឍនភាពការងារទីក្រុងនិរន្តរភាព និងបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទីក្រុងនិរន្តរភាព ឆ្នាំ២០១៩-២០២០ សម្រាប់ក្រុងគោលដៅទាំង៧។
-ការកសាងសមត្ថភាពទីក្រុងនិរន្តរភាព
-កិច្ចពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការរៀបចំការិយាល័យ និងព្រឹត្តិការណ៍បៃតង
-ការរៀបចំលំនៅឋានដែលមានភាពធន់នឹងអាកាសធាតុ និងតម្លៃសមរម្យ។
កិច្ចប្រជុំនេះ ទទួលបានលទ្ធផល៖ (១) បានចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងយន្តការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យគុណភាពខ្យល់ក្នុងក្រុង ក៏ដូចជាវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារ និង (២) ទទួលបានមតិយោបល់កែសម្រួលលើគោលការណ៍ណែនាំស្តីពីការិយាល័យ និងព្រឹត្តិការណ៍បៃតងរួមមានកែតម្រូវការប្រើប្រាស់ពាក្យបច្ចេកទេស ក៏ដូចជាការដាក់បញ្ចូលនូលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការកំណត់ផ្ទៀតផ្ទាត់ដាក់ពិន្ទុលើលក្ខណៈវិនិច្ឆ័យ និងលក្ខណៈវិនិច្ឆ័យរងជាដើម៕

ដោយ៖សិលា


ចែករំលែក៖