ភ្នំពេញ៖ ក្រោយពេលធ្លាក់ភ្លៀងមួយមេធំ បង្កឱ្យបាក់ដើមឈើចំនួន៥ទីតាំងសង្កត់លើរថយន្តប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរផងដែរ និងបណ្ដាលឱ្យទឹកលិចផ្លូវនៅតំបន់ទាបៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់បានផ្លាស់ប្ដូរប្រព័ន្ធលូ តូចៗ ចាស់ៗចេញរួចរាល់។
ជាក់ស្ដែង នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ មានហេតុការណ៍បាក់ដើមឈើចំនួន៥ទីតាំង ដែលទីតាំងទី១គឺនៅចំណុចស្ថានទូតបារាំងតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលដើមឈើបានបាក់ចេញពីខាងក្នុងស្ថានទូតតែម្ដងបង្កឱ្យសង្កត់លើរថយន្តរបស់បងប្អូនប្រជាពលរដ្ឋចំនួន២គ្រឿង តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សរងរបួសឬក៏បាត់បង់ជីវិតឡើយ។
ទីតាំងទី២ នៅចំណុចស្ថានទូតចិន នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ទីតាំងទី៣ នៅចំណុចក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ទីតាំងទី៤ នៅក្បែរវត្តមហាមន្រ្តី តាមបណ្ដោយមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា និងទីតាំងទី៥នៅក្បែរផ្សារហេងលី តាមណ្ដោយផ្លូវលេខ២០០២ កែងនឹងផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ក្រោយពីមេឃធ្លាក់ភ្លៀងមួយមេធំនេះមក តាមបណ្ដាផ្លូវនិងបណ្ដាមហាវិថីមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក៏មានការជន់លិចផ្លូវផងដែរ នៅតាមបណ្ដាផ្លូវទាបៗ និងផ្លូវដែលគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញពុំទាន់បានធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ រួចរាល់៕ ជ្រោយពេជ្រ