ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែតានតឹងហើយ! ក្រោយពីតុលាការចិនកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដាម្នាក់

ចែករំលែក៖

អន្តរជាតិ៖ តុលាការទីក្រុងប៉េកាំងបានប្រកាសសាលក្រមប្រហារជីវិតជនជាតិកាណាដាម្នាក់ ។ ការសម្រេចខាងលើធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងរវាងទីក្រុងប៉េកាំងនឹងទីក្រុងអូតាវ៉ា។ ការកាត់ទោសប្រហារជីវិតខាងលើកើតឡើងក្រោយពេលកាណាដាប្រកាសបញ្ជូនអតីតអគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហួវៃ។
តាមសារព័ត៌មាន AFP បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់តុលាការ ក្វាងចូវ នាថ្ងៃទី៦ ខែសីហានេះថា តុលាការបានសម្រេចប្រហារជីវិត លោក Xu Weihong ពីបទផលិតគ្រឿងញៀន ចំណែកទ្រព្យសម្បត្តិទាំងឡាយរបស់ជនជាប់ចោទត្រូវដកហូត។
ចំណែកសារព័ត៌មានចិនបានផ្សាយថា លោក Xu Weihong បានទិញវត្ថុធាតុដើមនិងសម្ភារសម្រាប់ផលិតគ្រឿងញៀននៅខែតុលាឆ្នាំ២០១៦។ លោក Xu បានធ្វើការជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ Wen Guanxiong ដើម្បីផលិត សារធាតុ ketamine។
គ្រឿងញៀនត្រូវបានផលិតនៅក្នុងផ្ទះរបស់ Wen ហើយរក្សាទុកនៅកន្លែងស្នាក់នៅរបស់ Xu នៅខេត្តក្វាងចូវ។ កម្លាំងប៉ូលិសដកហូត បានសារធាតុketamine ចំនួន១២០គីឡូក្រាមពីបុគ្គលទាំងពីរនាក់ខាងលើ។
ការសម្រេចខាងលើរបស់តុលាការចិនកើតឡើងក្រោយពេលតុលាការចិនទើបតែប្រកាសទោសប្រហារជីវិតពលរដ្ឋកាណាដាពីរនាក់ផ្សេងទៀតពីបទជួញដូរគ្រឿងញៀន កាលពីឆ្នាំ២០១៩។
ការកាត់ទោសប្រហារជីវិតរបស់ចិន ត្រូវបានក្រុមអ្នកឯកទេសវិភាគលើកឡើងថា ជាការសងសឹកទៅលើប្រទេសកាណាដាដែលបានចាប់អតីតអគ្គនាយិកាហិរញ្ញវត្ថុ របស់ក្រុមហ៊ុនហួវៃលោកស្រីម៉េង វ៉ាន់ជូ ដែលជាកូនស្រីរបស់ អគ្គនាយិកាក្រុមហ៊ុនហួវៃ។ ក្រៅពីនេះទីក្រុងប៉េកាំង ក៏បានចាប់ខ្លួន ជនជាតិកាណាដាពីរនាក់ផ្សេងទៀត ដោយចោទប្រកាន់ពីបទចារកិច្ច៕

ដោយ៖ធី រីណា


ចែករំលែក៖