ក្រសួងសុខាភិបាលវៀតណាមបានបង្កើតក្រុមត្រួតពិនិត្យទៅលើសកម្មភាពប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩នៅតំបន់នានា ។
នៅថ្ងៃទី៨ ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក ង្វៀង ថាញ់ឡុង បាន ចុះហត្ថលេខាបង្កើតក្រុមត្រួតពិនិត្យ ទៅលើសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩នៅតាមតំបន់នានាដែលមានករណីឆ្លងច្រើន។ ក្រុមត្រួតពិនិត្យបានកំណត់ឈ្មោះ ក្រុមទី១ដល់ក្រុមទី៥ ហើយប្រធានក្រុមគឺជាមន្ត្រីជាន់ខ្ពស់ប្រចាំនៅក្រសួងសុខាភិបាល ។
ក្រុមត្រួតពិនិត្យទាំង៥ មានភារកិច្ច ត្រួតពិនិត្យតាមដានសកម្មភាពប្រយុទ្ធប្រឆាំង ក៏ដូចជាសកម្មភាពព្យាបាលអ្នកជំងឺរបស់មន្ទីរពេទ្យនិីមួយៗ។ នៅថ្ងៃទី៧ ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានផ្ញើសារទៅកាន់បណ្តាអភិបាលខេត្តក្រុងដើម្បីបង្កើនការទប់ស្កាត់ ត្រួតពិនិត្យថាតើមានអ្នកណាខ្លះធ្លាប់ចេញចូលទីក្រុងដាណាង តាំងពីថ្ងៃទី ១ខែកក្កដា ហើយវិលត្រឡប់មកកាន់តំបន់របស់ខ្លួនរស់នៅវិញ។ បើមានករណីសង្ស័យ គឺត្រូវតែត្រួតពិនិត្យជាបន្ទាប់ ។
នៅថ្ងៃទី ៨ខែសីហា គិតត្រឹមម៉ោង ១៨ វៀតណាមមានករណីឆ្លងកូវីដ-១៩ថ្មី ចំនួន២១នាក់បន្ថែម ក្នុងនោះមាន២០នាក់ជាប់ពាក់ព័ន្ធទីក្រុងដាណាង។ សរុបវៀតណាមមានអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ ៨១០នាក់ហើយនិងស្លាប់១០នាក់៕ដោយ៖ធី រីណា