ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចថៃចាប់ពលករខ្មែរប្រុស ស្រីឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់បាន២៦នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖យោងការចុះផ្សាយតាមគេហទំព័រក្នុងស្រុករបស់ថៃ(สระแก็ว-77 ข้าวเด็ด)កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នេះបានឲ្យដឹងថាសមត្ថកិច្ចកងកម្លាំង បូរផា ថៃ បានចាប់ឃុំខ្លួនពលករខ្មែរ នៅ២គោលដៅផ្សេងគ្នាបានចំនួន ២៦នាក់ ខណ:អ្នកទាំងនោះ លួចឆ្លងដែនចូលពីស្រុកស្វាយចេក និង ស្រុកថ្មពួករបស់កម្ពុជា ប្រឈមជាមួយស្រុកតាព្រះយ៉ា ខេត្តស្រះកែវរបស់ថៃ ។

កម្លាំងសមត្ថកិច្ចស្រុកតា ព្រះយ៉ា  បានចេញល្បាតក្នុងតំបន់ដែលទទួលខុសត្រូវ ដើម្បីរឹតបន្តឹងការលួចចូលប្រទេសដោយខុសច្បាប់ ក្នុងស្ថានការណ៍នៃការរាត្បាតរបស់កូវីដ-19 តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ខណ:មកដល់បរិវេណភូមិម៉ាក់ កក ឃុំទ័ពស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចបានប្រទះឃើញរថយន្តម៉ាកមីតស៊ុយប៊ីហ្ស៊ី ពណ៌សពីរគ្រឿង ពាក់ស្លាកលេខ7กศ-3326 ក្រុងថេប នឹងរថយន្តតូ យ៉ូតា ពណ៌ទឹកមាស ពាក់ស្លាកលេខศษ-9859ក្រុងថេប ទើបកាក់សុំត្រួតពិនិត្យមនុស្ស តែរថយន្តទាំង២គ្រឿងមិនព្រមឈប់ រួចថែមទាំងព្យាយាមបើករត់គេចតាមផ្លូវភូមិ ណង ផៃ ទើបសមត្ថកិច្ចថៃដេញតាម។ ប៉ុន្តែដោយសាររថយន្តសមត្ថកិច្ចថៃមិនអាចតាមទាន់ ទើបបើករថយន្តល្បាតចុះល្បាតឡើង តាមផ្លូវដែលរថយន្តទាំង២គ្រឿងបើករត់គេច រហូតមកដល់បរិវេណគំនរសំរាមក្នុងភូមិ ណង ផៃ ឃុំតា ព្រះយ៉ា ស្រុកតាព្រះយ៉ា ត្រង់បង្គោលឡាក់TA575480 ទើបប្រទះឃើញពលករខ្មែរអង្គុយលាក់ខ្លួននៅក្នុងព្រៃ រួចក៏ចូលទៅចាប់ឃុំខ្លួនអ្នកលួចឆ្លងចូលប្រទេសដោយខុសច្បាប់តែម្តង។

 ពលករដែលលួចឆ្លងដែននោះមានចំនួន២០នាក់ ក្នុងនោះមានប្រុស១៤នាក់ និងស្រី៦នាក់។

 ក្រោយពីធ្វើការសាកសួរ ពលករខ្មែរទាំងអស់បានប្រាប់ថា រថយន្តទាំង២គ្រឿង បានដឹកពួកគេមកទម្លាក់ចោល ហើយបើកគេចបាត់ទៅ។ ជំហានដំបូងសមត្ថកិច្ចប្រាប់ថា ពលករខ្មែរទាំងនេះ ធ្វើដំណើរមកពីខេត្តបាត់ដំបង ,ខេត្ត

បន្ទាយមានជ័យ,ខេត្តសៀមរាប និងខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់ចំនួន២,៥០០បាតទៅ៣០០០បាត រួចទៅហើយ។បន្ទាប់មកសមត្ថកិច្ចថៃបាននាំខ្លួនពលករខ្មែរខាងលើ ទៅសួរចម្លើយនិងធ្វើកំណត់ហេតុចាប់ឃុំខ្លួននៅអធិការតម្រួតស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។

បន្ទាប់មកសមត្ថកិច្ចក៏បានចុះល្បាតបន្ថែមទៀត នឹងប្រទះឃើញរថយន្តតាក់ស៊ីពណ៌ខៀវ-លឿង ពាក់ស្លាកលេខมช-7430ក្រុងថេប ខណ:កំពុងដឹកពលករចេញពីភូមិខ្លង ផែង ទើបសមត្ថកិច្ចបើករថយន្តដេញតាម និងទំនាក់ទំនងតាមប៉ុស្តិ៍ត្រួតពិនិត្យ ឲ្យជួយស្កាត់ចាប់ រហូតរថយន្តខាងលើបើកមកដល់បរិវេណប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចស្រុកតាព្រះយ៉ា ទើបចតរថយន្តត្រួតពិនិត្យ រកឃើញថា ឈ្មោះលោក សុថែន ទំផាក់កៀនជនជាតិថៃ អាយុ៤៥ឆ្នាំ ជាអ្នកបើករថយន្តស៊ីឈ្នួលដឹក ពលករខ្មែរ៦នាក់ ក្នុងនោះប្រុស៤នាក់ និងស្រី២នាក់។

ក្រោយធ្វើការសាកសួរ សមត្ថកិច្ចក៏បញ្ជូនពលករខ្មែរទាំង៦នាក់ទៅប្រគល់ឲ្យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ដោយ៖វណ្ណា


ចែករំលែក៖