កូរ៉េខាងត្បូង៖ រាល់សេវាកម្មដឹកជញ្ជូនតាមដែនគោកនិងដែនទឹក ក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវលុបចោលទាំងអស់ នៅលើកោះ Jeju ក្រោយព្យុះ Jangmi បានវាយប្រហារចូលដីគោកកោះនេះ។
ជើងហោះហើរក្នុងស្រុកចេញចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Jejuត្រូវផ្អាកទាំងអស់ ដោយសារតែអាកាសធាតុអាក្រក់បង្កឡើងដោយព្យុះ។ ទីបញ្ជាការហោះហើរបានប្រកាសថា ការផ្អាកហោះហើរនៅត្រូវពន្យារជាបន្តទៀត ។ ចំណែកសេវាកម្មដឹកជញ្ជូនតាមដែនសមុទ្រ ក្នុងនោះមាននាវា១៥គ្រឿងសម្រាប់ដឹកអ្នកដំណើរចេញចូលកោះ Jeju ក៏ត្រូវបានផ្អាកផងដែរ ជាមួយគ្នានេះកប៉ាល់ដឹកអ្នកទេសចរ២ពាន់គ្រឿងដែលចតនៅកោះJejuត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពបញ្ចៀសការខូចខាតដោយរលកសមុទ្រធំៗ។
តាមការព្យាករនៅថ្ងៃទី១០ ខែសីហានេះ ព្យុះJangmi នឹងចូលដល់ដីគោកខេត្តភាគខាងត្បូងកូរ៉េខាងត្បូង បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់។ កន្លងមកភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានគ្រោះទឹកជំនន់បាក់ដី បំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងសម្លាប់ពលរដ្ឋជាច្រើន។
តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តាខេត្ត ដូចជាGyeonggi, Chungcheong និង Jeolla បានសម្លាប់មនុស្សដល់ទៅ ៣១នាក់ហើយ និងបាត់ខ្លួន១១នាក់ ។ ជាមួយគ្នានេះ ពលរដ្ឋដល់ទៅ ៦ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព៕ដោយ៖ធី រីណា