ខេត្តបន្ទាយមានជ័យ ៖ ក្រុមមន្រ្តីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានអះអាងថា ទីទីតាំងជួសជុលកែច្នៃរថយន្តធុនធំរបស់ឈ្មោះ”ឆាយ ឈាន”នៅក្រុងសិរីសោភ័ណនឹងត្រូវបិទទ្វារជាស្ថាពរនិងមិនអាចប្រែទៅជាជួលឲ្យអ្នកផ្សេងបានទេ ខណ:ម្ចាស់យានដ្ឋាននេះមានចិត្តមានៈ មិនស្មោះត្រង់គោរពតាមការណែនាំរបស់ជំនាញនិងអាជ្ញាធរដែនដី ។
នេះបើតាមលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ។
លោកបានបន្តថា មន្ទីររបស់លោកបានសហការជាមួយការិយាល័យនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យនិងបិទទ្វារការធ្វើអាជីវកម្មខាងលើតាមកាលបរិច្ឆេទឱសានវាទកំណត់នូវទីតាំងជួសជុលរថយន្តធុនធំឈ្មោះ”ឆាយ ឈាន” ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០រួចហើយ តែម្ចាស់អាជីវកម្មមិនព្រមធ្វើតាមនិងនៅតែផ្គើនបន្តធ្វើអាជីវកម្មខុសច្បាប់ដដែល ។ ហេតុនេះ ម្ចាស់ទីតាំងការដ្ឋាននេះត្រូវអនុវត្តហើយក៏មិនអាចយកទីតាំងដដែលទៅជួលឲ្យអ្នកផ្សេងនោះបានដែរ ។ បើនៅតែធ្វើយ៉ាងនេះ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ហើយក៏ប្រឈមនឹងការបិទទីតាំងដែលខេត្តនិងជំនាញបានអនុគ្រោះឲ្យប្តូរនោះដែរ ។
ការបញ្ជាក់របស់លោកប្រធានមន្ទីរធ្វើឡើង ក្រោយពីសមត្ថកិច្ចជំនាញមានភស្តុតាងបង្ហាញថាម្ចាស់ទីតាំងនេះបានលួចធ្វើសកម្មភាពអាជីវកម្មក្រោយឱសានវាទ ។មួយវិញទៀត ការស៊ើបអង្កេតមានតម្រុយថា ម្ចាស់នេះបានប្រែ ទៅជារត់រកឧកញ៉ានិងមន្ត្រីធំជួយជួលទីតាំងនោះឲ្យអ្នកផ្សេង ហើយប្តូររូបភាពជាមានម្ចាស់អាជីវកម្មថ្មី ។ ក្នុងលិខិតលេខ២៥១/២០ សជណ ចុះថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ ចុះហត្ថលេខាដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា ត្រូវបិទទីតាំងអាជីវកម្មយានដ្ឋានជួសជុលរថយន្តធុនធំដែលមានម្ចាស់ឈ្មោះឆាយ ឈាន នៅភូមិ សង្កាត់ដូចខាងលើ រដ្ឋបាលខេត្តឯកភាពជាគោលការណ៍ ។(ដល់១កក្កដាឆ្នាំ២០២០ ) ។
ប៉ុន្តែលោកប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តនិងជាប្រធានមន្ទីរសាធារណការខេត្ត ត្រូវណែនាំដល់ម្ចាស់យានដ្ឋានឲ្យអនុវត្តដូចខាងក្រោម ៖
១-ទុករយៈពេល៣ខែសម្រាប់បញ្ចប់ការងារនៅសេសសល់និងរៀបចំទីតាំងថ្មី ។
២-មិនអនុញ្ញាតឲ្យទទួលការងារថ្មីនៅទីតាំងចាស់នេះ។
៣-ត្រូវគោរពតាមលិខិតអនុញ្ញាតិអាជីវកម្មនិងអនុក្រឹត្យលេខ១៨០អនក្រចុះថ្ងៃទី០៣ខែវិចកឆិកាឆ្នាំ២០០៨ ។
៤- ករណីមិនអនុវត្តតាមការណែនាំខាងលើ ត្រូវមានវិធានការច្បាប់ជាធរមាន ។
ការសម្រេចរបស់រដ្ឋបាលខេត្តនោះធ្វើឡើងបន្ទាប់ពីមានឧប្បត្តិហេតុគ្រោះថ្នាក់ជាច្រើនលើកដែលបង្កពីរថយន្តដែលគេយកមកជួសជុល លួចកែច្នៃខុសបច្ចេកទេសនៅយានដ្ឋាននេះ ។ ក្នុងនោះឧបទ្ទហេតុចុងក្រោយមួយទៀតកាលពីល្ងាចថ្ងៃទី ២១ខែមីនា ឆ្នាំ២០២០ មានរថយន្ដធំ១គ្រឿងដែលទើបជួសជុល និងកែច្នៃរូចរបស់យានដ្ឋានរបស់ឈ្មោះ ឆាយ ឈាននេះ បានភ្លេចភ្ជាប់ឬដាច់ហ្វ្រាំងបានថយទៅបុកចំទ្វារចូលនៃបណ្ណាគារបន្ទាយស្រី បង្កខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់និងសម្ភារជាច្រើន ធ្វើឲ្យម្ចាស់បណ្ណាគារនិងបុគ្គលិកភ័យតក់ស្លុតផងដែរ ។
ទាក់ទងករណីនេះភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបកស្រាយពីម្ចាស់យានដ្ឋានខាងលើបានទេកាលពីរសៀលម្សិលមុិញនេះដោយគ្មានលេខទូរស័ព្ទ៕ដោយ៖ប្រាថ្នា