ខេត្តក្រចេះ ៖ នៅវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១១សីហាឆ្នាំ២០២០ មានរថយន្តម៉ាកហាយឡេនឌ័រ១គ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-1408ដឹកឈើប្រណីតបានក្រឡាប់ស្លាប់មនុស្សម្នាក់ដែលជាតៃកុងរថយន្ត។
តាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររូបនេះប្រហែលជាងោកហើយទើបធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ប្រឡាយ នៅត្រង់ចំណុចអូរបែកចាន ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពដែលបានស្គាល់រថយន្តខាងលើនេះបានឱ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងដែលរងគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់តៃកុងនេះជារបស់មេឈ្មួញដ៏ល្បីម្នាក់ឈ្មោះធី កាប៉ូ ដែលរកស៉ីជំនួញឈើខុសច្បាប់ជាយូរមកហើយ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមលោកធី កាប៉ូពេលដឹកឈើចេញម្តងៗគួរឱ្យស្រៀវណាស់ព្រោះពួកគេបើកបរក្នុងល្បឿនលឿនដូចហោះ ហើយថែមទាំងមានរថយន្តបិទគូទ(បិទផ្លូវ)មិនឱ្យរថយន្តដទៃវ៉ាជែងឡើយ៕ដោយ៖ស សម