ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលលីបង់លាលែងចេញពីតំណែង ក្រោយសោកនាដកម្មនៅទីក្រុង Beirut

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលលីបង់ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Hassan Diab បានសម្រេចលាលែងចេញពីតំណែង​ក្រោយពីរងសម្ពាធយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយសារការផ្ទុះសារធាតុគីមីនៅទីក្រុងBeirut សម្លាប់មនុស្សជាង២០០នាក់ និងរបួសជាង​៦ពាន់នាក់។
សាព័ត៌មាន​Sputnik បានផ្សាយថា នាយករដ្ឋមន្ត្រី Hassan Diab បានទៅកាន់វិមានប្រធានាធិបតី ដើម្បីដាក់លិខិតលាលែងចេញពីតំណែង​។ រដ្ឋាភិបាល​និងបណ្តារដ្ឋមន្ត្រីបានសម្រេចលាលែងចេញពីតំណែង​ដើម្បីរៀបចំបង្កើតរដ្ឋាភិបាលថ្មី។
នៅក្នុងសុន្ទរកថា​​ នាយករដ្ឋមន្ត្រី Hassan Diab បានប្រកាសថា​​រដ្ឋាភិបាលរបស់លោក​ឈរខាងពលរដ្ឋដែលកំពុងតែទាមទារ​ឲ្យទទួលខុសត្រូវ​ក្នុងគ្រោះអាសន្នផ្ទុះនៅកំពង់ផែ​ក្នុងរដ្ឋធានី ​Beirut។ ទាំងនោះហើយបានជារដ្ឋាភិបាល​សម្រេចលាលែងចេញពីតំណែង​។
សារធាតុ​គីមី​ammonium nitrate ចំនួន​២.៧៥០តោន​បានរក្សាទុកក្នុងឃ្លាំងនៅកំពង់ផែ៦ឆ្នាំមកហើយដោយមិនមានការរក្សាសុវត្ថិភាពត្រឹមត្រូវ បណ្តាលឲ្យផ្ទុះ​កាលពីថ្ងៃទី​៤ខែសីហា សម្លាប់មនុស្ស ៣៣០នាក់ និង​៦ពាន់នាក់​រងរបួស​។ ការផ្ទុះបានធ្វើឲ្យពលរដ្ឋជិត​៣សែននាក់បាត់បង់ផ្ទះសម្បែងសម្រាប់ជ្រកនៅ។
គណៈរដ្ឋមន្ត្រី​​របស់នាយករដ្ឋមន្ត្រី Hassan Diab មានរដ្ឋមន្ត្រី​២០រូប ប៉ុន្តែក្នុងថ្ងៃទី​៩និងទី​១០ខែសីហា​​មានរដ្ឋមន្ត្រី​៤រូបបានលាលែងចេញពីតំណែង​ហើយ។ មកទល់ពេលនេះគេមិនទាន់ដឹងថា​រដ្ឋសភាលីបង់សម្រេចបែបណានោះឡើយ។ នៅពេលនេះបើទោះបី​រដ្ឋាភិបាលបានលាលែងចេញពីតំណែងក្តី ប៉ុន្តែ​រដ្ឋាភិបាលក៏នៅតែបន្តដឹកនាំប្រទេសដដែលដើម្បីរង់ចាំការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មី៕ដោយ៖ធី រីណា


ចែករំលែក៖