ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីន៖ រុស្ស៊ីជាប្រទេស​ទីមួយលើពិភពលោកមានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី១១ខែសីហានេះបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រុស្ស៊ីគឺជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។
ប្រធានាធិបតីពូទីនបានស្នើដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលMikhail Murashko បន្តផ្តល់ព័ត៌មានឲ្យលោកពាក់ព័ន្ធនឹងវ៉ាក់សាំង​កូវីដ​-១៩​។ ទន្ទឹមនឹងនោះប្រធានាធិបតីពូទីនបានបញ្ជាក់ថា វ៉ាក់សាំង​របស់រុស្ស៊ី ពិតជាមានប្រសិទ្ធភាពនិងសុវត្ថិភាព ។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងខ្ញុំសង្ឃឹមថា​យើងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងជាទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លីខាងមុខ​ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល​»។
លោកពូទីន​បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមមិត្តទាំងអស់របស់យើង​នៅលើពិភពលោក​នឹងមានភាពរីកចម្រើនហើយនឹងមានវ៉ាក់សាំង​នៅលើទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ»។
លោកពូទីនបញ្ជាក់ថា «កូនស្រីរបស់ខ្ញុំបានចូលរួមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ផងដែរ​។ ក្នុងពេលសាកល្បងលើកដំបូង​​កូនស្រីរបស់ខ្ញុំមានកម្តៅខ្លួន​កើនឡើង៣៨អង្សាសេ​ ហើយប៉ុន្មានថ្ងៃកន្លងមក​ក៏បានធ្លាក់ចុះបន្តិច​៣៧អង្សាសេ​។ ក្រោយការចាក់លើកទីពីរ ​កម្តៅបានកើនឡើងបន្តិច ប៉ុន្តែក្រោយមកក៏ធម្មតាវិញ​ ហើយមានសុខភាពល្អធម្មតា ហើយប្រព័ន្ធស៊ាំការពាររាងកាយមានកម្រិតខ្ពស់បំផុត»។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីបានប្រកាសថា ការផលិតវ៉ាក់សាំងបានចាប់ផ្តើមផលិតនៅទីតាំង​២កន្លែងផ្សេងគ្នា គឺ មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya និងក្រុមហ៊ុនBinnopharm៕ដោយ៖ធី រីណា


ចែករំលែក៖