ខេត្តបន្ទាយមានជ័យ ៖ ពិតជាទើសភ្នែកប្រជាពលរដ្ឋបំផុតហើយជាមួយនឹងក្តីបារម្ភពីហានិភ័យផ្ទុះឆាបឆេះ បង្កគ្រោះថ្នាក់ដល់ផ្ទះសម្បែង អគារជាទ្រព្យសម្បត្តិរដ្ឋ គ្រោះថ្នាក់ដល់អ្នកជិតខាង ខណៈដែលឃើញពីទិដ្ឋភាពជាក់ស្តែងដែលម្ចាស់ស្ថានីយប្រេងបានយកស៊ីទែនហ្គាស និងសាំងដាក់ក្បែរគ្នាបែបនេះ ព្រោះវាងាយរងគ្រោះបំផុត។
សូមជម្រាបថា ស្ថានីយប្រេងឥន្ធនៈសូគីម៉ិចមួយកន្លែង ស្ថិតនៅជាប់របង មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែងនេះ អាចគិតតែពីផលចំណេញ មិនគិតពីហានិភ័យដែលនឹងអាចកើតមានដល់ប្រជាពលរដ្ឋចំពោះការដាក់ថែមនូវស៊ីទែនហ្គាស១ទៀតចំកណ្ដាលទីប្រជុំជនបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងការាសសាំងនិងហ្គាសនោះ កំពុងត្រូវប្រឈម ដោយមានការភិតភ័យ ប្រសិនបើថ្ងៃ ណាមួយស៊ីទែនហ្គាសនេះកើតមានហានិ ភ័យផ្ទុះឆាបឆេះ តើនឹងមានប្រជាពលរដ្ឋប៉ុន្មាននាក់ត្រូវរងគ្រោះ? ពិសេសអាជ្ញាធរ និងខាងជំនាញអត់ទើសភ្នែកអីបន្តិចសោះ។
សូមរំឭកថា៖ បើតាមការអះអាងរបស់លោកអុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នថា ច្បាប់អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទនិងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយអ្នកសាងសង់ស្ថានីយយល់ច្បាស់អំពីតួនាទីភារកិច្ចនិងនីតិវិធីនានាដើម្បីមានភាពងាយស្រួលនិងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាពតម្លាភាពស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន។
ថ្មីៗនេះដើម្បីបញ្ចៀសហានិភ័យកើតឡើងតាមស្ថានីយប្រេង ក្រសួងរ៉ែនិងថាមពល ក៏តម្រូវឱ្យម្ចាស់ស្ថានីយទាំងអស់នៅទូទាំងប្រទេស មកសុំច្បាប់អនុញ្ញាតពីក្រសួងឱ្យបានត្រឹមត្រូវ ដើម្បីខាងក្រសួងសិក្សាពីហានិភ័យ ថាតើត្រូវអនុញ្ញាតឱ្យបើកអាជីវកម្ម ឬមួយយ៉ាងណា បើក្នុងករណីដូចទីតាំងស្ថានីយប្រេងសូគីមិុច នេះ សង្ឃឹមថា៖ ខាងក្រសួងមិនចេញច្បាប់ឱ្យឡើយ។
ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរ និងខាងជំនាញ មន្ទីរ-ក្រសួងរ៉ែនិងថាមពល ជួយគិតគូររឿងនេះផង ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន៕ដោយ៖ សហការី