ព័ត៌មានទាន់ហេតុការណ៍៖

ការស្ថាបនាផ្លូវជាតិលេខ៥១ ចំណាយថវិកាជាង ៤០,៨៨ លានដុល្លារអាមេរិក ចម្ងាយ៣៧,៩៥គីឡូម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋលេខាធិការ ខាន់ ម៉ាណេរ តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាពផ្លូវជាតិលេខ៥១ ប្រវែង៣៧,៩៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ចំណាយថវិកាជាង ៤០,៨៨ លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា៖ នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាពផ្លូវ ជាតិលេខ៥១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស។

ថ្លែងក្នុងកិច្ចប្រជុំក្រោយការចុះពិនិត្យគុណភាពនៃការសាងសង់ លោក រដ្ឋលេខាធិការបានគូសបញ្ជាក់ អំពីការយកចិត្តទុកដាក់របស់គណៈកម្មការជំនាញ និងក្រុមការងារពិសេសទាក់ទងនឹងគុណភាព និង បច្ចេកទេសនៃការសាងសង់ ក៏ដូចជាប្រព័ន្ធលូ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ចាប់តាំងពីការ ចាប់ផ្ដើមសាងសង់រហូតដល់ការបញ្ចប់ការសាងសង់កំណាត់ផ្លូវនេះ។

ជាមួយគ្នានេះផងដែរ លោករដ្ឋលេខាធិការ បានជម្រាបជូនថា៖ ក្រសួងប្រគល់ផ្លូវនេះទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយការធ្វេសប្រហែសធ្វើឱ្យយើងមានវិប្បដិសារីអស់មួយជីវិត និងបានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់បណ្ដាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

លោករដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារជំនាញរបស់ក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់ឱ្យមានគុណភាពល្អ ស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងសោភ័ណភាពល្អ។

សូមជម្រាបជូនថា៖ ផ្លូវនេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង ៤០,៨៨ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបាន ប្រគល់ទទួលជាបណ្ដោះអាសន្ននៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់៕

ដោយ៖ សិលា


ចែករំលែក៖