ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់សួនសមិទ្ធផលការពារជាតិរបស់កងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតនៅបរិវេណវិមានអនុស្សាវរីយ៍ឈ្នះ=ឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមសេចក្ដីរាយការណ៍ពី ឧត្ដមសេនីយ៍ឯក មាស វណ្ណា អនុប្រធានគណៈកម្មការសាងសង់បានឲ្យដឹងថា សួនសមិទ្ធផលខឿនការពារជាតិបានបើកការដ្ឋានសាងសង់ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដែលរហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៦០ ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅដើមខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
ពាក់ព័ន្ធរចនាបទ និងអត្ថន័យចម្លាក់នេះ ឧត្ដមសេនីយ៍ឯក មាស វណ្ណា បានឲ្យដឹងថា មានបីថ្នាក់៖ ខាងក្រោមរាងរង្វង់មូលព័ទ្ធជុំវិញបីជាន់ តំណាងឲ្យគោលនយោបាយទាំងបីរបស់នយោបាយឈ្នះ=ឈ្នះ រីឯតួកណ្តាលនៃស្តូបមានប្រាំជ្រុង តំណាងឲ្យយុទ្ធសាស្ត្រទាំងប្រាំនៃនយោបាយឈ្នះ ឈ្នះ ហើយតាមជ្រុងនីមួយៗមានរូបសញ្ញាហនុមាន តំណាងឲ្យកងយោធពលខេមរភូមិន្ទ, រូបសញ្ញាអគ្គបញ្ជាការដ្ខាន, កងទ័ពជើងគោក, កងទ័ពជើងទឹក, និងរូបសញ្ញាកងទ័ពជើងអាកាស ដែលបានឆ្លាក់ជាប់តាមជ្រុងទាំងប្រាំ តាមលំដាប់លំដោយ។ ផ្នែកខាងលើមានរូបយុទ្ធជនប្រាំពីរនាក់ តំណាងឲ្យកត្តាជ័យជម្នះទាំងប្រាំពីរ នៃនយោបាយឈ្នះ=ឈ្នះ ដែលយុទ្ធជនកាន់ជ្រោងទង់ជាតិ តំណាងឲ្យការពារជាតិ ការពារបូរណភាពទឹកដី សន្តិសុខ និងសន្តិសុខសង្គម។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ចាក់ពីតម្លៃនៃការសាងសង់សួនខឿនការពារជាតិនេះ គឺជាការចូលរួមកសាងកេរ្តិ៍មរតក ដែលជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់រក្សាទុកជូនកូនខ្មែរជំនាន់ក្រោយបានដឹង និង ចងចាំពីគុណបំណាច់ដ៍វិសេសវិសាលមិនអាចកាត់ថ្លៃបានរបស់ស្ថាបនិកនយោបាយឈ្នះ=ឈ្នះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រតិបត្តិករមួយចំនួនទៀត ដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ក្រុមជាងត្រូវយកចិត្តទុកដាក់ដល់ការសាងសង់ឲ្យបានត្រឹមត្រូវតាមគម្រោងរចនាបទ និងបច្ចេកទេសរបស់វិស្វករ និងរក្សាបានគុណភាព សោភណភាព។
ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ ក៏បានជម្រុញឱ្យក្រុមការងារសាងសង់ បន្តខិតខំពន្លឿនការងាររបស់ខ្លួនឱ្យបានរួចរាល់ទាន់ពេលវេលាកំណត់ ដើម្បីចូលរួមអបអរសាទរខួបទិវានយោបាយឈ្នះ=ឈ្នះ រយៈពេល៤៣ឆ្នាំ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍រំលេចពីភាពអស្ចារ្យនយោបាយឈ្នះ ឈ្នះ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ៕
ដោយ៖ សុខ ខេមរា