ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ៣៦៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវករលក់ដូរ ផ្សារក្រមួន ឬតាមបណ្ដាមហាវិថីនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឱ្យរំលោភលើចិញ្ចើមផ្លវលើសពី១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សោភណភាពទីក្រុង និងរក្សាទុកចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង និងជនពិការភាពធ្វើដំណើរ។

ប្រតិបតិ្តការចុះរៀបចំសណ្តាប់ធ្នាប់នេះ ធ្វើឡើងនៅវេលាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៣៦៩ ចំណុចផ្សារចាម ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ តំណាងឱ្យលោក ចេង ម៉ុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់និងបាញ់ថ្នាំកំណត់ព្រំប្រទល់ អនុញ្ញាតឱ្យអ្នកលក់ដូរនៅតាមផ្លូវលេខ ៣៦៩ ពិសេសផ្សារជនជាតិចាមលក់ដូរនៅក្នុងមូលដ្ឋានសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់ឱ្យដឹងថា មុនឈានដល់ការចុះរៀបចំ និងបាញ់ថ្នាំកំណត់ព្រំនេះ គឺកន្លងមកអាជ្ញាធរសង្កាត់និងនគរបាលប៉ុស្តិ៍បានចុះណែនាំជាច្រើនលើកច្រើនសាមកហើយ ហើយសង្កាត់ក៏បានជូនដំណឹងចុងក្រោយផងដែរ ដោយទុកឱសានវាទឲ្យត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ តែបងប្អូនអ្នកលក់ដូរនៅតាមផ្លូវលេខ៣៦៩ ពិសេសផ្សារជនជាតិពុំបានអនុវត្តរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរតាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះ ទើបនៅព្រឹកថ្ងៃ១៣ ខែសីហានេះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះអនុវត្តនិងរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្សារជនជាតិតាមបណ្ដោយផ្លូវលេខ៣៦៩នេះ ដើម្បីរំដោះចិញ្ចើមផ្លូវ ជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

គួរំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ចៅសង្កាត់ព្រែកប្រា បានចេញសេចក្តីជូនដំណឹង (ចុងក្រោយ) ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អ្នកលក់ដូរនៅតាមផ្លូវលេខ ៣៦៩ ពិសេសផ្សារជនជាតិ មេត្តាជ្រាបថា៖ យោងតាមការណែនាំរបស់ រដ្ឋបាលខណ្ឌច្បារអំពៅ សូមបងប្អូនអាជីវករទាំងអស់ចូលរួមសហការរៀបចំសណ្តាប់ធ្នាប់ ជាមួយ សាលាសង្កាត់ព្រែកប្រា ដូចខាងក្រោម៖

 ១-ហាមដាច់ខាតមិនឱ្យបង្ហូរទឹកចេញពីផ្ទះមកលើចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ។ 

២- ហាមដាច់ខាតការលក់ដូរដាក់តាំងរបស់របរផ្សេងៗ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដែលអាចប៉ះពាល់បង្កគ្រោះថ្នាក់កើតឡើងជាយថាហេតុដល់អ្នកធ្វើដំណើរឆ្លងកាត់។

ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលើ សង្កាត់នឹងចុះរឹបអូសសម្ភារដោយមិនទទួលខុសត្រូវ រាល់ការបាត់បង់ ឬខូចខាតឡើយ ដោយអនុវត្តចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ នេះតទៅ។អាស្រ័យហេតុនេះ សាលាសង្កាត់ព្រែកប្រា សង្ឃឹមនឹងជឿជាក់ថា បងប្អូនទាំងអស់ នឹងចូលរួមជាពុំខាន៕ដោយ៖ រ៉ារ៉ា


ចែករំលែក៖