ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បញ្ឈប់ការចែករំលែកនូវព័ត៌មានចាស់ៗពាក់ព័ន្ធនឹងកូវីដ-១៩ ដែលធ្វើឲ្យមានការភាន់ច្រឡំដល់ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។
ប្រតិកម្មរបស់ ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានយករឿងចាស់ៗកន្លងទៅ មកបង្ហោះគ្មានមូលដ្ឋាន បង្កើតការយល់ច្រឡំដល់បងប្អូនជនរួមជាតិ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់សារព័ត៌មានថា ៖ ការយករឿងចាស់ៗមួយចំនួនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មកចែករំលែកនាពេលនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នឹងស្ថានភាពជំងឺកូវីដនៅកម្ពុជា នាពេលបច្ចុប្បន្ន។
សូមជម្រាបជូនថា ៖ ករណីរកឃើញជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ មិនមែនជាករណីឆ្លងដល់សហគមន៍ទេ ប៉ុន្តែជាករណីនាំចូលពីប្រទេសផ្សេងៗតែប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញនៅអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន២៧២ករណី ដែលក្នុងនោះមាន ២២៣ នាក់ត្រូវបានព្យាបាលជាសះស្បើយ និង ៤៩ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ដោយ៖ សិលា