ព័ត៌មានទាន់ហេតុការណ៍៖

ណាណៃនិងKavin ថាមានអារម្មណ៍ល្អនឹងគ្នាក្រោយសម្តែងបទ“បាត់បងគ្មានហេតុផល” រួមគ្នា

ចែករំលែក៖

   ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម Zone កញ្ញា ណាណៃ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនហើយគឺបទ បាត់បងគ្មានហេតុផល។ បញ្ចេញជាMVភ្លាមបទចម្រៀងនេះទទួលបានការចាប់អារម្មណ៍ច្រើនខណៈការសម្តែងរួមគ្នាលើកដំបូងជាមួយលោក Kavin ហាក់ស៊ីចង្វាក់គ្នាខ្លាំងរហូតពួកគេបង្ហាញអារម្មណ៍ល្អរៀងខ្លួនក្រោយបានឃើញស្នាដៃមួយនេះចេញជារូបរាង។

ស្នាដៃបទចម្រៀងថ្មីអមដោយMVដ៏ទាក់ទាញរបស់កញ្ញា ណាណៃ ទទួលបានការចូលទស្សនារាប់សែនដងហើយក្រោយពីបញ្ចេញមិនបានប៉ុន្មានថ្ងៃផង។ អ្វីដែលទទួលបានការពេញចិត្តក្រៅពីទឹកដមសំនៀង និងអត្ថន័យស្នេហាមនោសញ្ចេតនាស៊ីជម្រៅនោះគឺជាការជួបគ្នាលើកដំបូងរបស់តារាចម្រៀង ស្រី​វ័យក្មេងរូបនេះនិងតារាសម្តែងមានមន្តស្នេហ៍លោក Kavin

កញ្ញា ណាណៃ បញ្ជាក់ថា មានការបារម្ភខ្លាំងមុនថ្ងៃថតមកដល់ព្រោះតែតារាសម្តែងប្រុសនាងមិនដែលបានស្គាល់ និងរួមសម្តែងពីមុនមកនោះទេ។ ទោះជាយ៉ាងណានាងហាក់ធូរអារម្មណ៍ក្រោយពីបានសម្តែងរួមគ្នា ហើយនាងបានសរសើរលើតារាសម្តែងប្រុសរូបនេះថាមិនត្រឹមតែសង្ហាទេ ក៏ចិត្តល្អរួសរាយរាក់ទាក់ និងជួយណែនាំនាងនៅការសម្តែងខ្លះដែលខ្វះចន្លោះផងដែរហើយនាងពិតជាចូលចិត្តការសម្តែងបែបនេះ។ នាងថាពិតជាមានអារម្មណ៍ល្អមិនធ្លាប់ជួបក្រោយសម្តែងបទចម្រៀងមួយនេះដែលនាងរំពឹងថានឹងមានឱកាសសម្តែងរួមគ្នាបន្តនៅថ្ងៃក្រោយ។

តារាសម្តែង លោក Kavin វិញក៏បង្ហាញពីអារម្មណ៍ល្អនឹងការសម្តែងបទនេះពិសេសមានអារម្មណ៍មួយដក់ជាប់នឹងទិដ្ឋភាពនៃការសម្តែងទាំងមូល ហើយលោកពិតជាស្វាគមន៍ និងរីករាយប្រសិនបើមានឱកាសសម្តែងរួមគ្នាជាមួយតារាចម្រៀងស្រីរូបនេះ។

គួរបញ្ជាក់ដែរថាប៉ុន្មានថ្ងៃ​មុន​នេះ​ផលិតកម្ម​ Zone បាន​បង្ហោះ​ MV បទ​ចម្រៀង​ បាត់បងគ្មានហេតុផល ដែល​​ច្រៀង​ដោយ​កញ្ញា ណាណៃ និង​និពន្ធ​ដោយ​លោក សូរ រៈបូរី នោះ​បាន​ចេញ​​​ជា​ផ្លូវ​ការ​ហើយ​​​​ព្រម​ទាំង​ទទួល​​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​​ពី​មិត្តយុវវ័យ​ទៀតផង​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពី​មាត់​ថា ពិរោះ មានអត្ថន័យស៊ីជម្រៅនិងផលិតឡើងប្រកបដោយគុណភាព៕ ដោយ៖ វឌ្ឍនា

 


ចែករំលែក៖