ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃវែង ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖
ទី១-ឈ្មោះ គីម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ វិបុល កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៣-ឈ្មោះ គីម ផាណុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖ ១-ម្សៅក្រាមពណ៌សថ្លាចំនួន៣២ថង់តូច ,២.ជញ្ជីងអេឡិចត្រូនិកពណ៌ខ្មៅចំនួន១គ្រឿង ,៣-ប្រដាប់ចូកគ្រឿងញៀនចំនួន២, ៤-ថង់សម្រាប់ច្រកថ្នាំញៀន និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង នគរបាលខណ្ឌ លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់និងវត្ថុតាងដូចបានរៀបរាប់ខាងលើ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ