ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានថ្លែងថា៖ «កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពមិនអាចយកមកលេងសើចអនាធិបតេយ្យបានទេ »។
លោកបន្តថា៖ ក្នុងនាមខ្ញុំជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ខ្ញុំសូមស្នើសុំយ៉ាងទទូចចំពោះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាពិនិត្យករណី ប្រសិនបើមានជារូបភាពក្លែងបន្លំធ្វើជាមានពិការភាព។
កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពមិនអាចយកមកលេងសើចអនាធិបតេយ្យបានទេ ស្របពេលដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងប្រោសប្រទានលើកកម្ពស់តម្លៃជនមានពិការភាព ទ្រង់តែងតែផ្តល់ព្រះរាជហឫទ័យសន្តោសប្រណីដល់ជនមានពិការភាពដែលជាប្រជានុរាស្ត្រជាទីស្រលាញ់របស់ព្រះអង្គ។
ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានលើកកម្ពស់ដល់ជនមានពិការភាពទាំងថ្នាក់ជាតិនិងអន្តរជាតិ ដើម្បីពួកគេទទួលបាននូវសិទ្ធិពិតប្រាកដ។
ខ្ញុំស្នើដល់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពិនិត្យការប្រើប្រាស់សិទ្ធិក្នុងរូបភាពមិនត្រឹមត្រូវ តាមរយៈការក្លែងខ្លួនធ្វើជាជនមានពិការភាព ដែលជាកត្តានាំឱ្យបាត់បង់នូវសេចក្តីថ្លៃថ្នូរនៃសិទ្ធិជនមានពិការភាព ដែលអង្គកាសហប្រជាជាតិកំពុងដឹកនាំឱ្យរដ្ឋជាភាគីនៃអនុសញ្ញាគោរពអនុវត្ត៕
ដោយ៖ សុខ ខេមរា