ខេត្តកំពង់ស្ពឺ៖ រឿងរ៉ាវដ៏កក្រើកពីការលក់ដីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺកន្លងមក បានធ្វើឲ្យមានជនរងគ្រោះពីអំពើលក់ដីនេះចាញ់បោកក្រុមហ៊ុនអស់លុយកាក់រាប់ សែនដុល្លារសហរដ្ឋអាមេរិក ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចលុបចោល ស.ជ.ណ ដោយរក្សាទុកដីនេះជាសម្បត្តិរដ្ឋវិញនោះ។
ដោយសារតែករណីខាងលើនេះហើយទើបប្រជាពលរដ្ឋដែលបានកក់លុយក្នុងរឿងទិញដីរបស់មន្ទីរកសិកម្មជាច្រើននាក់ បានកក់លុយរាប់ពាន់រាប់សែនដុល្លារទៅ ឱ្យក្រុមហ៊ុន ទូច សារិន តាមរយៈលិខិតផ្ទេរសិទ្ធិ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ រវាងលោក គិន សាវុធ និឹងលោក សុខ ឃាង កន្លងទៅនោះ ធ្វើឱ្យពលរដ្ឋអ្នកកក់លុយយំមិនចេញ។
ដំបូងឡើយទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បាននិរាករណ៍លិខិតអនុញ្ញាតឲ្យមានការលក់ដីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ស្ពឺ ដែលមានទំហំជាង១០ហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយកាលពីពេលកន្លងទៅ ។
បន្ទាប់ពីបែកធ្លាយភាពមិនប្រកតីរឿងលក់ដីរដ្ឋមន្ទីរកសិកម្ម ក៏មានលិខិតរបស់លោក ហ៉ីង ថូរ៉ាក់ស៊ី ដែលបណ្ដាញព័ត៌មានយើងទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បានបញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍លិខិតលេខ៨៩៦ ស.ជ.ណ. កធចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។
ចំពោះករណីនេះមានជំពាក់វាក់វិនមនុស្សជាច្រើននាក់ដែលហ៊ានទទួលលុយកក់រាប់សែនដុល្លារសហរដ្ឋអាមេរិក ដោយម្នាក់ៗគេចវេះមិនសងទៅប្រជាពលរដ្ឋវិញឡើយ(គឺចង់ស៊ីដាច់)។ក្រោយមកក៏កើតមានការប្តឹងផ្តល់គ្នាឡើងទៅតុលាការ ហើយតុលាការបានចេញដីកាចាប់ខ្លួនលោក សុខ ឃាង ដោយបានបញ្ជូនដីកាទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែជាអកុសលជនរងគ្រោះមិនទទួលបានភាពយុត្តិធម៌នោះទេ ដោយសារតែខាងនគរបាលរាជធានីមិនហ៊ានអនុវត្តដីកានេះឡើយ។ ចំណុចនេះហើយធ្វើឱ្យប្រជាពលរដ្ឋមិនហ៊ានសន្និដ្ឋានបែបណានោះទេ គ្រាន់តែពួកគាត់ទទូចសុំរកយុត្តិធម៌តែប៉ុណ្ណោះ។ និយាយបែបនេះពួកគាត់គិតថា នគរបាលជាតិត្រឹមតែចាប់ខ្លួនជនត្រូវចោទតែម្នាក់ដែលមានតម្រុយពេញលេញក៏មិនហ៊ានចាប់ដែរគឺជាភាពកំសោយមួយដែលគាត់មិនអាចទទួលយកបាន។
ពួកគាត់ជាប្រជាពលរដ្ឋរងគ្រោះសូមស្នើសុំឲ្យតុលាការរាជធានីភ្នំពេញមេត្តាជួយពន្លឿននិីតិវិធីឲ្យពួកគាត់ទទួលបានយុត្តិធម៌ក្នុងពេលឆាប់ៗផង។ ពួកគាត់សង្ឃឹមថាតុលាការរាជធានីភ្នំពេញមានឆន្ទៈក្នុងការដោះស្រាយការងារមួយនេះប្រកបដោយយុត្តិធម៌៕
ដោយ៖សេនាស័ក្តិ