ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា៖ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ១០២១គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៧៨៥គ្រឿង និងរថយន្ត ២៣៦គ្រឿង។
លោកបន្តថា៖ រយៈពេល១០៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៩៧០៥គ្រឿង ក្នុងនោះមានម៉ូតូ ១០៣៦៤៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៦០៥៨គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និងស្រវឹង។
ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ អត់បណ្ណបើកបរ ប្រើប្រាស់ទូរស័ព្ទជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ១០៦ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត
ល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ១១លើក ក្នុងនោះស្លាប់ ៤នាក់ របួស១៤នាក់ (របួសធ្ងន់ ១០នាក់)។
ដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូន ត្រូវប្រកាន់យក៖
ទី១- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។
២-មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។
៣- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាខាត។
៤-ត្រូវគោរពសិទ្ធអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
៦- មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៧- ត្រួតពិនិត្យលក្ខណៈបច្ចេកទសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យ កង ចង្កូត ហ្វាំង ភ្លើងបំភ្លឺ-ល-។
៨- សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃក្នុងឱកាសនេះ។
៩- មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យនិង។
១១-សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីជៀសវាងការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ ដើម្បីសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្អូន ដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិយើង ៕
ដោយ៖ សុខ ខេមរា