ភ្នំពេញ៖ ថ្មីៗនេះគេសង្កេតឃើញថាស្នាព្រះហស្ថនិពន្ធទំនុកច្រៀងរំលឹកអំពីគុណូបការៈរបស់អ្នកមានគុណពិសេសឪពុកម្តាយ បាននិងកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែស្នាព្រះហស្ថនេះបានក្រើនរំលឹកជំរុញឲ្យកូនៗ ប្អូនៗមានចិត្តមេត្តា កត្តញ្ញូចំពោះអ្នកមានគុណ។
ស្នាព្រះហស្ថព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ចំនួន៣បទជាប់គ្នាដែលសុទ្ធសឹងតែបានរួមចំណែកក្នុងការដាស់តឿនរំលឹកពីក្តីមេត្តា ករុណាពីអ្នកមានគុណមានដូចជាបទ”ស្រណោះសម្តីម្តាយថ្លៃ” ច្រៀងដោយអ្នកស្រី សុខ សុខុម បទ”ទឹកចិត្តបងប្រុស” ច្រៀងដោយលោកគ្រូ យិន សារិន និងបទ”អំរែកអ្នកម្តាយ” របស់អ្នកស្រី សុខ សុខុម ។ បទចម្រៀងទាំងនេះបានធ្វើឲ្យអ្នកស្តាប់ជាច្រើនស្រក់ទឹកភ្នែកព្រោះតែនឹកគិតដល់ការខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងរបស់អ្នកមានគុណចំពោះកូនៗ និងប្អូនៗ។មានការចែករំលែក និងការបង្ហាញអារម្មណ៍ពិតរបស់អ្នកស្តាប់ជាច្រើនពិសេសគឺការអរព្រះគុណសម្រាប់ស្នាព្រះហស្ថនេះដែលបានជួយរំលឹកដាស់ស្មារតីជាប្រចាំ។ វីដេអូអមដោយរូបភាពនៃបទចម្រៀងនេះត្រូវបានបង្ហោះផ្សាយលើគណនីយហ្វេសប៊ុកឈ្មោះ Ny Sovanmunyreth ។ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានមានសង្ឃដីការថា ជាស្នាព្រះហស្ថដែលព្រអង្គបាននិពន្ធកាលពីឆ្នាំ២០០៥ និង២០០៦មកម្ល៉េះ ប៉ុន្តែនៅតែទទួលបានការពេញចិត្តពីពុទ្ធបរិស័ទ្ធព្រោះតែអត្ថន័យមនោសញ្ចេតនា និងឆ្លុះបញ្ចាំងពីវីរភាពរបស់ម្តាយឪពុកដែលលះបង់គ្រប់យ៉ាងដើម្បីក្តីសុខរបស់កូនៗ។ ព្រះតេជគុណមានសង្ឃដីការដែរថា “ចូរកូនប្រុសស្រីគ្រប់រូបស្រលាញ់ប្រនិបត្តិ គោរព បំពេញភាពកត្តញ្ញូជាការសងគុណដល់ឪពុកម្តាយ និងអ្នកមានគុណ”។ ព្រះតេជគុណ សង្ឃឹមថាបទចម្រៀងនេះនឹងដក់ជាប់ក្នុងអារម្មណ៍កុលបុត្រកុលធីតាគ្រប់ៗរូប និងឆ្លុះបញ្ចាំងពីភាពកត្តញ្ញូ មេត្តា ព្រហ្មវិហារធម៌ចំពោះគ្នាទៅវិញទៅមកក្នុងគ្រួសារនិងក្នុងសង្គម។
គួរបញ្ជាក់ដែរថា ក្រៅពីស្នាព្រះហស្ថនិពន្ធទំនុកច្រៀងទាំងនេះ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ធ្លាប់បង្ហាញព្រះកាយក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ជាហូរហែទាំងការងារមនុស្សធម៌ក្នុងពុទ្ធចក្រ និងអាណាចក្រ៕ ដោយ៖វឌ្ឍនា