ភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យថាបែកថ្នាំមិនដឹងជាមកពីណាទេ បានដើរអុកឡុកប្រជាពលរដ្ឋតាមដងផ្លូវ ហើយរត់ចូលយានយន្តដែលកំពុងបើកបរតាមដងផ្លូវ ធ្វើឱ្យអ្នកបើកបរនាំគ្នាគេចចេញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤៖១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភ្លើងស្តុបបឹងទំពុន ផ្លូវលេខ២៧១ កែងផ្លូវលេខ៣៧១ ដែលជាចំណុចព្រំប្រទល់សង្កាត់ចំនួន៣ គឺសង្កាត់ចាក់អង្រែលើ សង្កាត់បឹងទំពុនទី២ ក្នុងខណ្ឌមានជ័យ និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់មិនត្រូវបានស្គាល់ពីអត្តសញ្ញាណទេ ទំនងជាបែកថ្នាំ បានដើររករឿងអ្នកដំណើរ និងអុកឡុករារាំងពេញផ្លូវមិនឲ្យរថយន្តបើកឆ្លងកាត់ ហើយពេលខ្លះរត់ទៅមុខរថយន្តធំៗដែលកំពុងបើកលឿនថែមទៀតផង រួចរត់ចូលទៅប្រតាយប្រតប់ជាមួយស្ត្រីម៉ាស្សាក្នុងផ្ទះម៉ាស្សាកោជប់នៅចំណុចមុខហាងមង្គលឧត្តម ផ្លូវលេខ៣៧១ផ្អើលមួយប្រាវផងដែរ ហើយរត់ចេញមកវិញដើរកណ្ដាលផ្លូវ រួចយកសម្ភារនិងបាវដាក់សំរាមមកដាក់អែបចិញ្ចើមផ្លូវ រួចរត់ឆ្លងផ្លូវចុះឡើងចុះឡើង ស្រែកជេរគេឯង រួចរត់ទៅមុខផ្ទះគេមួយកន្លែង នៅជិតស្តុបបឹងទំពុន ក្នុងសង្កាត់ផ្សារដើមថ្កូវ ដោះខោអាវបើកទឹកងូតធ្វើព្រងើយ ហេីយឆ្លងផ្លូវរត់មកយកអំបោសបោសសម្អាតផ្លូវ និងសម្រួលចរាចរណ៍ ប៉ុន្តែឱ្យតែគេមើលមុខគឺស្រែកជេរគេ ឬយកអំបោសវាយក្បាលអ្នកដំណើរតាមផ្លូវក៏មានដែរ ។
សមត្ថកិច្ច៣សង្កាត់ មានសង្កាត់ផ្សារដេីមថ្កូវ សង្កាត់ចាក់អង្រែលេី និងសង្កាត់បឹងទំពុនទី២ បានត្រឹមឈរទស្សនានារីរូបស្រស់សង្ស័យបែកថ្នាំ អុកឡុកពេញផ្លូវ អ្នកដំណេីរគេចស្ទេីរតែបុកគ្នាទៅហេីយ! ជាចុងក្រោយមកទល់ម៉ោង៦ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចក៏នាំគ្នានិវត្តទៅកន្លែងវិញអស់ទៅ៕ជ្រោយពេជ្រ