ព័ត៌មានទាន់ហេតុការណ៍៖

ហ្គេមបាញ់ត្រីដ៏ធំ នៅក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ កំពុងបើកយ៉ាងរលូន គ្មានការបង្ក្រាបពីអាជ្ញាធរ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីដ៏ធំល្វឹងល្វើយប្រចាំលើផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ បណ្ដោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យកំពុងបើកលេង និងមានអតិថិជនយ៉ាងច្រើនកុះករចូលលេងយ៉ាងអានាធិបតេយ្យដោយទីតាំងល្បែងខុសច្បាប់មួយនេះ កន្លងមកធ្លាប់ត្រូវបានអាជ្ញាធរមូលដ្ឋានចុះបង្ក្រាប និងណែនាំឲ្យបិទជាច្រើនលើកផងដែរ

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

បើយោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថាអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។

ចំពោះទីតាំងខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសង នេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម។

ជុំវិញករណីខាងលើនេះដែរ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះអង្គភាពនគរដ្រេហ្គនបានទូរស័ព្ទទៅលោក ពេជ្រ កែវមុន្នីអភិបាលខណ្ឌមានជ័យ ដើម្បីសាកសួរចូលតែគ្មានអ្នកទទួល ដោយឡែកលោក ម៉េងវិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់តាមប្រព័ន្ធបណ្ដាញសង្គមWaths App ថា៖ ចាំលោកចុះទៅឆែកមើលជាក់ស្ដែងសិន

ដោយ៖ភារ៉ាដង្កោ


ចែករំលែក៖