ក្រុមបាល់ទាត់ដ៏ធំរបស់ប្រទេសបារាំង Paris St Germain បានឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រChampions Leagueជាលើកដំបូងក្នុងរយះពេល១៦ឆ្នាំចុងក្រោយ បន្ទាប់ពីបានយកឈ្នះលើក្លិបបាល់ទាត់RB Leipzigដោយលទ្ធផល ៣-០។
ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កីឡាករMarquinhos និងAngel Di Maria រកបានម្នាក់មួយគ្រាប់នៅក្នុងតង់ទីមួយ ជួយឲ្យParis St Germainនាំមុខមុន២គ្រាប់ទៅលើក្រុមរបស់ប្រទេសអាល្លឺម៉ង់RB Leipzig ហើយកីឡាករ Juan Bernat បានស៊ុតបន្ថែមនៅតង់ទី២ទៀតបានជួយក្រុមយក្សបារាំងទទួលជ័យជម្នះយ៉ាងគ្រប់គ្រាន់នៅក្នុងកីឡដ្ឋានEstadio da Luz។
គ្រូបង្វឹកក្រុមParis St GermainលោកTuchelបាននិយាយក្រោយការប្រកួតចប់ថា “ខ្ញុំមានអារម្មណ៏ថារងសំពាធខ្លាំងណាស់នៅក្នុងការប្រកួតនេះប៉ុន្តែកូនក្រុមរបស់ខ្ញុំនិងខ្ញុំស៊ាំទៅហើយចំពោះរឿងនេះ។ ពួកយើងបានបង្ហាញទស្សនិកជនថាពួកយើងលេងដោយការតាំងចិត្តនិងគុណភាពខ្ពស់បំផុតដែលពួកយើងពិតជាសាកសមនឹងទទួលជ័យជម្នះដូចនេះណាស់។”
Paris St Germainនឹងត្រូវប៉ះក្រុមBayern Munich ឬក៏Lyon នៅថ្ងៃអាទិត្យនេះក្នុងវគ្គផ្តាច់ព្រ័ត្រ៕ដោយ៖ភារៈ