ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆក់ត្រីតាមវាលស្រែនិងប្រឡាយមិនប្រយ័ត្នឆ្លងចរន្តភ្លើងអាគុយឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់នៅលើវាលស្រែ ខណ:បុរសរូបនេះបានយកគ្រឿងសម្ភារអគ្គិសនីទៅឆក់ត្រីនៅតាមប្រឡាយខ្វះការប្រុងប្រយ័ត្តបែរជាឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទ ១៣រោច ខែ ស្រាពណ៌ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង ១២និង២០នាទីរសៀលនៅចំណុចវាលស្រែនៅក្រោយបុរីរស្មីបាត់ដំបងឋិតក្នុងភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង។

សាកសពមានឈ្មោះ ឌឿន សំណាង ហៅ(សំ) ភេទ ប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅ  ក្រុមទី ១០ ភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង   មុខរបរ កម្មករ ។ 

តាមការបំភ្លឺរបស់ឈ្មោះ អឿន សំអាត (ប្រពន្ធសព) អាយុ ៣៩ឆ្នាំ  មានទីលំនៅ ភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។  

មុខរបរមេផ្ទះ  បានបញ្ជាក់ប្រាប់សមត្ថកិច្ចថានៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ២០ នឹង ៣០ នាទី ប្ដីរបស់ខ្លួនបានចេញពីផ្ទះទៅឆក់ត្រីដោយយកឧបករណ៍សម្រាប់ឆក់ទៅជាមួយ។ លុះព្រឹកឡើង ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២០ មិនឃើញប្ដីរបស់ខ្លួនត្រឡប់មកផ្ទះវិញ ខ្លួនក៏ហៅកូននិងបងប្អូនពីរទៅបីនាក់ជួយរកប្ដី។  រហូតដល់ម៉ោងប្រហែល ១២និង២០នាទីរសៀលស្រាប់តែកូនរបស់ខ្លួនបានរកឃើញប្ដីដេកផ្ងារស្លាប់នៅក្នុងវាលស្រែក្បែរបុរីរស្មីបាត់ដំបងដោយដៃទាំងសងខាងកាន់ឧបករណ៍សម្រាប់ឆក់ត្រីនៅជាប់នឹងដៃទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

តាមការត្រួតពិនិត្យសមត្ថកិច្ចផ្នែកជំនាញនិងគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយចរន្តអគ្គិសនីជាឧបករណ៍កែច្នៃសម្រាប់ឆក់ត្រីប្រាកដមែន។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យប្រពន្ធឈ្មោះអឿន សំអាត យកទៅធ្វើបុណ្យ តាមប្រពៃណី៕ដោយ៖ស សារ៉េត


ចែករំលែក៖