ខេត្តកណ្ដាល៖ ដើម្បីពិនិត្យមើលសភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃឈប់សម្រាកលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំកម្លាំងក្រោមឱវាទចុះ ត្រួតពិនិត្យតាមបណ្តាភូមិសាស្ត្រ និងគោលដៅសំខាន់ៗ ក្នុងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ ស្រុកលើកដែកនិងស្រុកល្វាឯម ព្រមទាំងបានចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ដល់កងកម្លាំង និងបានពាំនាំជាពិសេសនូវការសាកសួរសុខទុក្ខវាយតម្លៃខ្ពស់ កោតសរសើរលើឆន្ទៈខិតខំ លះបង់ ជូនជាតិ ប្រជាជនទាំងថ្ងៃទាំងយប់ ដោយមិនគិតពីការនឿយហត់ ជូនដល់កងកម្លាំងយើងទាំងអស់ គ្រប់ជាន់ថ្នាក់ ពីលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ក្នុងការចុះសួរសុខទុកកងកម្លាំងនេះ បានធ្វើឡើងនៅថ្ងៃអង្គារទី១៨ ខែសីហាឆ្នាំ២០២០ ក្នុងនាមមេបញ្ជាការ លោកឧត្តមសេនីយ៍ត្រី សំ តុលា ក៏បានក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បន្តថា កងកម្លាំងទាំងអស់ត្រូវចុះល្បាតចល័ត ពួនស្ទាក់ បង្ការ បង្ក្រាប ជួយសង្គ្រោះ ជាពិសេសត្រូវបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា។ ជាពិសេសនោះ ត្រូវចូលរួម និងសហការប្រយុទ្ធប្រឆាំង ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវិដ-១៩ទាំងមហាជន សង្គមក្នុងអង្គភាព ក្នុងគ្រួសារ និងខ្លួនយើង ដោយអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការខេត្ត ក៏បាននាំយកថវិកា និងសម្ភារមួយចំនួនចែកជូនដល់កងកម្លាំងទាំងអស់តាមស្រុកផងដែរ៕ដោយ៖សហការី