ភ្នំពេញ៖ ភ្នំប្រាសាទបើយោងតាមប្រភពពី Heritages Dairy-បេតិកភណ្ឌប្រចាំថ្ងៃបានរៀបរាប់អោយដឹងថា៖ «ភ្នំប្រាសាទ»ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ ព្រោះជាភ្នំដែលគេអាចឃើញមាននៅសល់ខឿនប្រាសាទបុរាណស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក ព្រោះបានសាងសង់ឡើងពីប្រភេទឥដ្ឋដុត ក្នុងអំឡុងដើម សតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ពោលគឺ ស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១។
រូបរាងប្រាសាទដែលមានតម្លៃជាប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាននេះត្រូវបានដួលរលំខូចខាតដោយការលបលួចគាស់រំលើងជីកកកាយរកវត្ថុបុរាណមានតម្លៃពីសំណាក់ទុច្ចរិតជននៅចុងឆ្នាំ១៩៨៣។ លុះដើមឆ្នាំ១៩៨៤ ប្រាសាទនេះបានដួលរលំបាក់បែកទាំងស្រុង គួរឱ្យសោកសង្វេគ។ មិនដឹងថានៅមានសល់ផ្តែរ និងបល្ល័ង្គឬទេ ហើយបច្ចុប្បន្នក៏មិនដឹងថា គេរក្សាទុកនៅឯណាដែរ។ សំណួរនេះផ្តល់ឱកាសដល់យុវជនសិក្សា និងស្រាវជ្រាវ។ ។
ភ្នំប្រាសាទលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០០ហិកតា និងមានកំពស់ ជាង ៣០០ម៉ែត្រ។ ភ្នំប្រាសាទស្ថិតនៅភូមិភ្នំប្រាសាទ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ ភ្នំនេះ ជាប្រភេទភ្នំដីគ្រួសក្រហម និងថ្ម បាយក្រៀមដែលបានកើតចេញពីបាតុភូតបន្ទុះភ្នំភ្លើង។
តំបន់ភ្នំប្រាសាទ ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ១០៦ ជាសម្បត្តិបេតិកភណ្ឌជាតិ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តែមិនទាន់មានបោះបង្គោលព្រំប្រទល់ដោយមានកំណត់និយាមកាច្បាស់លាស់ និងចុះបញ្ជីជាដីសាធារណ:របស់រដ្ឋនៅឡើយទេ។ សូមបញ្ជាក់ថា រដ្ឋាភិបាលចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធរក្សាទុកតំបន់សា្ថនីយបុរាណចំនួន១៧៣ទីតាំង នៅតាមតំបន់ភ្នំ ក្នុង និងក្រៅតំបន់ការពារធម្មជាតិ ជាតំបន់អភិរក្សបេតិកភណ្ឌសម្រាប់កេរ្តិ៍មរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំប្រាសាទផងដែរ។
ក្រុមការងារបានចុះទៅដល់ទីតាំងដែលមានគ្រឹះប្រាសាទបុរាណនេះ នៅខែកក្កដា ឆ្នាំ២០១៩ និងសូមជូនពរអ្នកអានគ្រប់រូបសូមជួបប្រទះនូវសុខភាពល្អ និងសុភមង្គល៕
ដោយ៖ សិលា