អន្តរជាតិ៖ បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាម បានរាយការណ៍ថា គិតត្រឹមថ្ងៃ២០ ខែសីហាម្សិលមិញនេះប្រទេសខ្លួនមានករណី COVID-19 សរុបលើសពី ១ពាន់ករណីហើយ ។ ខណៈដែលនៅថ្ងៃទី២០ ខែសីហា អាជ្ញាធរបានប្រកាសថា មានករណីឆ្លងCOVID-19 ថ្មីចំនួន ១៤ករណីទៀត ។ ភាគច្រើននៃករណីឆ្លងកូរ៉ូណាវីរុសថ្មីនៅវៀតណាមគឺមានពាក់ព័ន្ធទៅនឹងទីក្រុងដាណាង។
ប៉ុន្តែបើទោះបីជា COVID-19 បានផ្ទុះឡើងនៅក្នុងទីក្រុងដាណាងក៏ដោយប៉ុន្តែអាជ្ញាធរបានទប់ស្កាត់ការរាតត្បាតយ៉ាងប្រសើរ ពោលគឺមិនឲ្យផ្ទុះខ្លាំងនៅតំបន់ផ្សេងទៀតឡើយ សូម្បីតែតំបន់ក្បែរខាងដាណាង។
ដោយឡែកវិធានការទប់ស្កាត់របស់អាជ្ញាធរវៀតណាមមានដូចជា៖ ការរក្សាគម្លាតសុវត្ថិភាព វាស់កម្តៅ ការអំពាវនាវឲ្យប្រជាជនពាក់ម៉ាស់ការរឹតត្បិតលើកជួបប្រជុំ និងវិធានការផ្សេងទៀត សុទ្ធតែជាយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុសនៅក្នុងប្រទេស។
សូមជម្រាបថា ទីក្រុងដាណាង បានរាយការណ៍ពីករណីផ្ទុះCOVID-19 ដំបូង នៅចុងខែកក្កដាកន្លងមក បន្ទាប់ពីមិនមែនករណីឆ្លងនៅក្នុងស្រុកតាំងពីថ្ងៃទី១៦ ខែមេសា។ ករណីផ្ទុះនេះ ត្រូវបានអាជ្ញាធរអះអាងថា គឺមានពាក់ព័ន្ធនឹងមន្ទីរពេទ្យបីកន្លែងក្នុងទីក្រុង ចំណែកប្រភពចម្លងគឺគេមិនទាន់បានរកឃើញនៅឡើយទេ ។
គួរបញ្ជាក់ថា តួលេខខាងលើនេះ បានធ្វើវៀតណាមកើនឡើងករណីឆ្លងសរុបដល់ ១០០៧ករណី។ ចំណែកអ្នកស្លាប់មានចំនួន ២៥នាក់ និងអ្នកជាសះស្បើយមានចំនួន ៥៤២នាក់ ៕
ដោយ៖ស តារា