ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់ឡំប្រឺតាវាយអ្នករត់ម៉ូតូសណ្តោងរុឺម៉កបែកក្បាលដេរ៤ថ្នេរព្រោះតែរឿងដណ្តើមម៉ូយគ្នា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៥នឹង៣០នាទីល្ងាច ត្រង់ចំណុចរង្វង់មូលកួចកាណុង ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (វាយដោយដៃ បណ្តាលឲ្យរបួស) កាលពីវេលា ម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ គឹម សារ៉ា ហៅត្រេន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។វត្ថុតាងចាប់យកមានឡំប្រឺតា ម៉ាក BAJAJ maxima ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-9503 និងទូរស័ព្ទដៃមួយគ្រឿងម៉ាក NOKIA ពណ៌ខ្មៅ។

ជនរងគ្រោះឈ្មោះ ទូច ចិន្តា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីខ្មែរ មានទីលំនៅផ្ទះលេខ៣២០ ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ របួសចំក្បាលផ្នែកខាងមុខហូរឈាមដេរ៤ថ្នេរ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១ និង១៥នាទីរសៀល ជនរងគ្រោះបានទាស់សម្តីជាមួយជនសង្ស័យរឿងដណ្តើមម៉ូយគ្នា។ ពេលនោះជនសង្ស័យបានក្តាប់ដៃវាយទៅលើជនរងគ្រោះចំនួនពីរ ទៅបីដៃ របួសចំក្បាលផ្នែកខាងមុខបណ្តាលឲ្យបែកហូរឈាម ដេរ៤ថ្នេរ រួចគេចខ្លួនបាត់។ ចំណែកជនរងគ្រោះ បានទៅព្យាបាលរបួសនៅមន្ទីរសម្រាកព្យាបាលសុខា ទួលសង្កែ រហូតដល់ម៉ោង៣ និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ទើបជនរងគ្រោះមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះហើយ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានសហការជាមួយជនរងគ្រោះតាមស្រាវជ្រាវរកជនសង្ស័យ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីល្ងាច ជនរងគ្រោះ បានឃើញជនសង្ស័យនៅចំណុចរង្វង់មូលកួចកាណុង ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញក៏បានហៅសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីសាកសួរ។

ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពក្តាប់ដៃវាយទៅលើជនរងគ្រោះបែកក្បាលហូរឈាមប្រាកដមែន ព្រោះតែខឹងរឿងដណ្តើមម៉ូយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖