ព័ត៌មានទាន់ហេតុការណ៍៖

អ៊ឹម សុគន្ធា មិនច្បាស់រឿងវិលចូលសិល្បៈក្រោយជោគជ័យមុខជំនួញ

ចែករំលែក៖

     ភ្នំពេញ៖ អតីតតារាសម្តែង និងបង្ហាញម៉ូតស្រស់សោភាអ្នកនាង​អ៊ឹម សុគន្ធា បានបញ្ចប់ការងារសិល្បៈជាច្រើនឆ្នាំមកហើយក្រោយពីរៀបមង្គលការរួមគ្នាជាមួយតារាសម្តែងលោក គង់ រ៉ាយុទ្ធ។ ជំនួបក្នុងពិធីចែកអំណោយដល់កុមារកំព្រានាជាយរាជធានីភ្នំពេញអ្នកនាងបញ្ជាក់ថាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីវិលរកការងារសិល្បៈជាទីស្រលាញ់ដូចមុនឡើយត្បិតអ្នកនាងមិនមានពេលវេលាច្រើនដូចមុន។

នៅតែមានសម្រស់ស្រស់សោភាគួរឲ្យចាប់អារម្មណ៍បើទោះបីជាអតីតតារាសម្តែង អ៊ឹម សុគន្ធា បាត់មុខពីសិល្បៈអស់ជិតមួយទសវត្សរ៍ទៅហើយក្តី។ លេចវត្តមានរួមគ្នាជាមួយស្វាមី និងក្រុមការងារក្នុងមណ្ឌលកុមារកំព្រានៃអង្គការពន្លឺអនាគតនាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី២៣ ខែសីហានេះ អ្នកនាង បានបញ្ជាក់ថាប្រមាណ៨ឆ្នាំហើយដែលអ្នកនាងបញ្ចប់ការងារសិល្បៈជាពិធីការិនី តារាបង្ហាញម៉ូត និងសម្តែងព្រោះតែកាតព្វកិច្ចក្នុងគ្រួសារ កាន់តែមមាញឹកក្រោយពីអ្នកនាងមានមុខជំនួញលក់ដូរផលិតផលថែរក្សាសម្រស់ផ្ទាល់ខ្លួនដែលកំពុងតែជោគជ័យខ្លាំង។ អ្នកនាងថាមិនច្បាស់ទេថានឹងមានពេលវេលាសមរម្យណាដើម្បីប្រឡូកជាថ្មី ខណៈចិត្តនៅតែដក់ជាប់នូវការងារសិល្បៈដដែល។ ភ្ជាប់ដោយទឹកចិត្តចង់ចូលរួមចំណែកជួយដល់ការងារសង្គមអ្នកស្រីនិងស្វាមី រួមទាំងក្រុមការងារបានចុះមកចែកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់កុមារកំពា្រ និងងាយរងគ្រោះនៅអង្គការផ្ទាល់ ដែលជាលើកទី១ដែលនាងបានមកដល់ទីនេះ និងធ្វើឲ្យនាងរំភើប រជួលចិត្តរហូតស្រល់ទឹកភ្នែក។ នាងថានឹងបន្តសកម្មភាពមនុស្សធម៌ដូចគ្នានេះបន្តទៀតទៅតាមលទ្ធភាពដើម្បីជាការតបស្នងទៅកាន់សង្គម ដែលក្នុងនោះអ្នកនាងក៏នឹងជួយដល់សិល្បករចាស់ជរាមួយចំនួនដែលបាត់បង់លទ្ធភាពផងដែរ។

គួរបញ្ជាក់ផងដែរ តារាសម្តែង អ៊ឹម សុគន្ធា ធ្លាប់បានធ្វើឲ្យទស្សនិកជនបានស្គាល់តាមរយៈការងារសិល្បៈជាច្រើនកាលពីប៉ុន្មានឆ្នាំមុន ។ ឱកាសសម្តែងបទចម្រៀងក្នុងផលិតកម្មសាន់ដេ និងសម្តែងរួមគ្នាជាមួយលោក គង់ រ៉ាយុទ្ធ ដែលគេស្គាល់ថាជាម្ចាស់ហាងលក់សម្លៀកបំពាក់ដ៏ល្បីល្បាញនោះ បានចាប់ផ្តើមធ្វើឲ្យពួកគេស្គាល់ និងស្វែងយល់ចិត្តគ្នារហូតរៀបមង្គលការ និងបានបញ្ចប់ការងារសិល្បៈដោយងាកមកចាប់មុខជំនួញមួយចំនួននៅក្នុងដៃ៕ ដោយ៖ វឌ្ឍនា

 


ចែករំលែក៖