ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវនគរបាលស្រុកស្អាងឃាត់ខ្លួន ក្រោយពីជនសង្ស័យទាំង២នាក់ខាងលើនេះ បានជិះម៉ូតូឌុបគ្នារួចយកដំបងវាយទៅលើយុវជនម្នាក់ខណៈកំពុងជិះម៉ូតូ បណ្ដាលឲ្យត្រូវក្បាលផ្នែកខាងក្រោយរងរបួសធ្ងន់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ស្ថិតនៅចំណុចលើផ្លូវជាតិលេខ១១០ ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាឃី វ៉ាន់សូត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរសិស្ស មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (របួសក្បាលផ្នែកខាងក្រោយ)។ ចំណែកជនសង្ស័យមានគ្នា២នាក់(ឃាត់ខ្លួន) ទី១. ឈ្មោះ ប៊ុង ម៉េងហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ដៃដល់) និងទី២. ឈ្មោះ ផេង លីហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (អ្នកបើកម៉ូតូ)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះឈ្មោះ សាឃី វ៉ាន់សូត្រ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៌ខៀវ ធុនសេ៥០ ជាមួយឈ្មោះ ហាក់ ហាគីម និងមិត្តភក្ដិ២ម៉ូតូផ្សេងទៀត មានគ្នាប្រាំនាក់ ចេញពីរមណីយដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ត្រឡប់មកផ្ទះវិញ ដោយឈ្មោះ ហាក់ ហាគីម ជាអ្នកឌុបឈ្មោះ សាឃី វ៉ាន់សូត្រ ។
លុះជិះម៉ូតូមកដល់ចំណុចកើតហេតុ ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ (ឈ្មោះ ប៊ុង ម៉េងហុង និងឈ្មោះ ផេង លីហេង) បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ជិះតាមពីក្រោយ រួចបានយកដំបងឈើទំហំប៉ុនកដៃក្មេង មានប្រវែងប្រហែលជិតមួយម៉ែត្រ វាយទៅលើឈ្មោះ សាឃី វ៉ាន់សូត្រ ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យរបួសធ្ងន់ រួចបានជិះម៉ូតូគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ រាជធានីភ្នំពេញ ។
បន្ទាប់ពីកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកទទួលបានព័ត៌មានខាងលើភ្លាមក៏សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ មកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងវាយទៅលើជនរងគ្រោះប្រាកដមែន ហើយដំបងដែលពួកខ្លួនយកទៅធ្វើសកម្មភាពនោះបានបោះចោលនៅក្នុងព្រែកតាឃុត ដែលមានទឹកហូរ ។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ស្អាងជ័យ