នៅថ្ងៃទី២៥ខែសីហា សារព័ត៌មានCNN បានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសាកល្បង វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំណាក់កាលទី៣លើមនុស្សតាំងពីខែកក្កដា។ អ្នកដែលទទួលបានការសាកល្បងគឺបុគ្គលិកបម្រើការក្នុងវិស័យសុខាភិបាលដែលប្រឈមនឹងការឆ្លងកូវីដ-១៩ខ្ពស់ ។ពិសេសគឺក្រុមគ្រូពេទ្យជួរមុខ និងក្រុមអ្នកយាមល្បាតនៅតាមព្រំដែន ។
លោក Zheng Zhongwei អគ្គនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាសុខាភិបាលជាតិចិនបានប្រកាសថា វ៉ាក់សាំងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ចាប់តាំងពីថ្ងៃទី២២ ខែកក្កដា ។ វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Sinopharm បានសាកល្បងដំណាក់កាលទី៣ នៅប្រទេសអារ៉ាប់រួម ប្រទេសប៉េរូ ម៉ារ៉ុក និងអាហ្សង់ទីន។
នៅក្នុងដំណាក់កាលសាកល្បងនេះ ចិនបានចាក់វ៉ាក់សាំងទៅលើមនុស្សដើម្បីបង្កើតជារនាំងការពារការឆ្លងកូវីដ-១៩ នៅតាមតំបន់ងាយឆ្លងកូវីដ-១៩ជាងគេបំផុត ក្នុងនោះ មានអ្នកធ្វើការនៅផ្សារ មន្ត្រីការបរទេស បុគ្គលិកទេសចរណ៍… ។
បច្ចុប្បន្ន ចិនមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាច្រើនប្រភេទបានសាកល្បងលើមនុស្ស ។ ក្រៅពីចិន រុស្ស៊ីក៏កំពុងសាកល្បង ដំណាក់កាលទី៣លើមនុស្សដែរ ហើយក្នុងពេលដ៏ខ្លីខាងមុខនឹងចាក់ការពារដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាលក់ចេញទៅលើទីផ្សារអន្តរជាតិ៕ដោយ៖ធី រីណា