ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋចំនួន​៣ដាក់ពាក្យបណ្តឹង ប្តឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំ

ចែករំលែក៖

បណ្តារដ្ឋចំនួន៣ដូចជារដ្ឋ New York, New Jersey និង Hawaii បានសម្រេច​ដាក់ពាក្យបណ្តឹងប្តឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដោយចោទប្រកាន់ថាមានយុទ្ធសាស្ត្របំផ្លាញ ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ។
នៅថ្ងៃទី​២៥ ខែសីហា រដ្ឋទាំងបីខាងលើ បានសម្រេចប្តឹង រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានធ្វើឲ្យរាំងស្ទះ​ដល់សេវាកម្មប្រៃសណីយ៍​។
អភិបាលរដ្ឋញូវយ៉កលោកស្រី Letitia James បានប្រកាសថា ​ សកម្មភាពផ្លូវច្បាប់​ប្តឹងប្រឆាំងរដ្ឋាភិបាល ធ្វើឡើងនៅតុលាការរដ្ឋ វ៉ាស៊ីនតោន ក្រោយបញ្ចប់ការសាកសួររបស់សភាទៅលើអគ្គនាយកក្រសួងប្រៃសណីយ៍(USPS)លោក​Louis DeJoy ​ជាបុគ្គលគាំទ្រលោកត្រាំ​​។
តាមគម្រោង ពលរដ្ឋអាមេរិក​និឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី តាមរយៈសេវាប្រៃសណីយ៍ ដោយសារតែ​ការឆ្លងរាលដាលកូវីដ​១៩នៅអាមេរិកច្រើនមិនអាចទៅចូលរួមបោះឆ្នោតគ្នាច្រើនកុះករនោះបានឡើយ។
បណ្តារដ្ឋ New York, New Jersey និង Hawaii បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងរដ្ឋាភិបាល ​ដែលមានសកម្មភាពធ្វើឲ្យរាំងស្ទះសេវាកម្មបោះឆ្នោតតាមប្រៃសណីយ៍។ កន្លងមក អគ្គនាយក (USPS) បានព្រមានថា នឹងមិនផ្តល់សន្លឹកឆ្នោតទាន់ពេលវេលា ទៅកាន់ទីតាំងរាប់សន្លឹកឆ្នោតនោះឡើយ​។​
កាលពីថ្ងៃទី​២២ខែសីហា រដ្ឋសភាអាមេរិកបានអនុម័តថវិកាចំនួន​២៥ពាន់លានដុល្លារ​​ឲ្យទៅក្រសួងប្រៃសណីយ៍​ ដើម្បីដំណើរការរៀបចំបោះឆ្នោតតាមប្រៃសណីយ៍ដោយជោគជ័យ។ ​ប៉ុន្តែប្រធានាធិបតីត្រាំបានប្រឆាំងដោយចោទថានឹងមានការបន្លំ ពេល​បោះឆ្នោតតាមប្រៃសណីយ៍៕ដោយ៖ធី រីណា


ចែករំលែក៖