ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបត់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តស៊េរីទំនើបបុកពេញទំហឹងរបួសបាក់ជើងឆ្វេង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿង បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង បណ្តាលឱ្យបុរសអ្នកបើកម៉ូតូនោះរងរបួសបាក់ជើង។

ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង ១៥នាទីរសៀល ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២០ ស្ថិតនៅមហាវិថីព្រះមុនីវង្ស ខាងមុខស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើងបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស៊េរីចាស់ តាមមហាវិថីព្រះមុនីវង្ស ក្នងទិសដៅពីជើងទៅត្បួង ខណៈពេលមកដល់ចំណុចកើតហេតុគាត់ក៏បានបត់ឆ្វេង ហើយពេលកំពុងបត់នោះស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡង់គ្រីស័រ (Land cruiser) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BM-6768 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះមុនីវង្សដូចគ្នា តែទិសដៅផ្ទុយគ្នា ក៏បានបុកពេញទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ បាក់ជើងខាងឆ្វេង រីឯម៉ូតូ និងរថយន្តរងការខូចខាតរៀងៗខ្លួន ចំណែកម្ចាស់រថយន្តនៅកន្លែងកើតហេតុដើម្បីដោះស្រាយ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ រ៉ារ៉ា


ចែករំលែក៖